សិល្បៈជាតិ៖ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាដោយទទួលបានសេចក្ដីណែនាំពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងត្រៀមយ៉ាងសកម្មជាទីបំផុត ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះឱ្យទទួលបានជោគជ័យ។

ឆ្លើយឆ្លងជាមួយនឹងអ្នកសារព័ត៌មានត្រយង តាមប្រព័ន្ធទូរស័ព្ទ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងពីគោលបំណងសំខាន់ៗនៃការបង្កើតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ រំលឹកគុណអង្គរនេះថា៖ «ជាកម្មវិធីមួយប្រព្រឹត្តឡើងដើម្បីរំលឹកដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ ទាំងអតីតព្រះមហាក្សត្រ មហាក្សត្រីយ៉ានី និងមន្ត្រី អ្នកមុខអ្នកការគ្រប់ជំនាន់ ដែលបានកសាង បានថែទាំ បានជួសជុល បានថែរក្សាការពារ ឱ្យអង្គរគង់វង្សដល់សព្វថ្ងៃ។
លើសពីនេះទៀតព្រឹត្តិការណ៍នេះក៏មានគោលបំណងចង់រក្សាភាពស័ក្ដិសិទ្ធិរបស់អង្គរ ដែលប្រជាជនទាំងខ្មែរ និង បរទេសតែងតែសក្ការៈបូជា និងបន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើន។ លោក ឡុង កុសល ក៏បានបញ្ជាក់បន្ថែមដែរថា «ព្រឹត្តិការណ៍នេះបង្កើតឡើង ក៏ដើម្បីបំផុសចលនាចូលរួមថែរក្សាអង្គរ ជៀសវាងការបំផ្លាញដោយស្នាដៃមនុស្សក្ដី ឬដោយធម្មជាតិក្ដី តាមរយៈការស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ធ្វើយ៉ាងណាឱ្យពលរដ្ឋបានយល់ជ្រាបច្បាស់អ្វី គឺជាបញ្ហាប្រឈមចំពោះបេតិកភណ្ឌអង្គរ។ មួយវិញទៀតអាជ្ញាធរអប្សរាសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយឱ្យភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងហោចណាស់មួយឆ្នាំម្ដងមកទស្សនាអង្គរវត្ត។

យ៉ាងណាមិញអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះក៏បានរំលឹកផងដែរថា ព្រឹត្តិការណ៍នេះក៏ជាសារមួយដ៏សំខាន់ពាក់ព័ន្ធនឹងពាក្យស្លោក «អរគុណសន្តិភាព» របស់រាជរដ្ឋាភិបាលដែលខំប្រឹងប្រែងទប់ស្កាត់មិនឱ្យមានសង្គ្រាម និងមានការអភិវឌ្ឍប្រទេសជាតិមួយយ៉ាងពេញលេញ ប្រកបដោយភាពល្អប្រសើរ និង រីកចម្រើន។
មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងរៀបចំពិធីបុណ្យសាសនាមួយដ៏ធំនាព្រឹកថ្ងៃទី១៤ មានកម្មវិធីសាសនា កម្មវិធីរាប់បាតព្រះសង្ឃជាច្រើនរយអង្គ ហើយនៅល្ងាចថ្ងៃទី១៤ ក៏មានការសម្ដែងសិល្បៈនិងទស្សនីយភាពផ្សេងៗ ពាក់ព័ន្ធនឹងបេតិកភណ្ឌអរូបី ដែលកម្ពុជាបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករួចរាល់ នៅទីតាំងក្រោយប្រាសាទអង្គរវត្ត ហើយបងប្អូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចចូលរួមទស្សនាបានដោយសេរី (មិនគិតប្រាក់)។
ឈានចូលដល់ថ្ងៃទី១៥ ក៏មានការតាំងព័រណ៍សមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរា និងអញ្ជើញពលរដ្ឋចុះពិនិត្យការងារផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា ខណៈដែលពេលល្ងាចក៏មានការសម្ដែងអាយ៉ៃរបស់វីរៈសិល្បករអាយ៉ៃ ព្រហ្មម៉ាញ ក៏អាចចូលទស្សនាកម្សាន្តដោយមិនគិតប្រាក់ដូចគ្នា។ សម្រាប់ថ្ងៃទី១៦ ក្រៅពីមានការតាំងព័រណ៍ហើយនោះ ក៏នឹងមានការរៀបចំពិធីជប់លាង លាងសាយភោជន៍ ដើម្បីប្រមូលថវិការជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីបុណ្យ រំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ជាតិដ៏ធំដែលនឹងរៀបចំរយៈពេល ៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០២២នេះ ជាឆ្នាំដំបូង៕
