ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ បានផ្ដល់យោបល់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្កើនសេវាដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយមធ្យោបាយធ្វើដំណើរលើដងផ្លូវ។ យោបល់នេះ ត្រូវបានលើកឡើងក្នុងឱកាសឯកឧត្តម បានដឹកនាំគណៈប្រតិភូអង្គការសហប្រជាជាតិ ចូលជួបសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ប្រសិតអគ្គលេខាធិការUN បានជម្រាបជូនសម្ដេចនូវការប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត ដោយសហការជាមួយដៃគូដទៃទៀតនៅក្រោមអង្គការសហប្រជាជាតិ តាមរយៈការលើកទឹកចិត្ត និងជូននូវយោបល់មួយចំនួនដើម្បីធ្វើយ៉ាងណារួមចំណែកឱ្យមានភាពប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមខ្លឹមសារបង្ហោះលើផេកហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម បានថ្លែងនាឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា មានយន្តការការងារអនុវត្តជាក់លាក់ និងមានតួអង្គពីរសំខាន់សំខាន់គឺក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នាពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានយន្តការបន្តចាប់ពីថ្នាក់ក្រសួងរហូតដល់ថ្នាក់ខេត្ត។ សម្ដេចបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បង្កឡើងដោយកត្តាធំ២ គឺកត្តាមនុស្ស និងកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

សម្តេចក៏បានលើកឡើងពីបញ្ហាប្រឈាមមួយចំនួនដែលគ្រប់ភាគីកំពុងបន្តខិតខំដោះស្រាយ ពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការផ្តល់និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។

ឯកឧត្តម ជីន ថូត (Jean Todt) បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចថានេះជាលើកទីពីរហើយដែលឯកឧត្តមអញ្ជើញមកកម្ពុជា ក្នុងនោះទស្សនកិច្ចទីមួយបានធ្វើឡើងកាលពីដប់ឆ្នាំមុន។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះឯកឧត្តមអះអាងពីការមើលឃើញការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍។

ឯកឧត្តមបានឯកភាព និងគាំទ្រចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ដែលថាការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។ ឯកឧត្តមបានបញ្ជាក់ថាជារួមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរនៅលើផ្លូវត្រឹមត្រូវស្របតាម អភិក្រមរបស់អង្គការសហប្រជាជាតិ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ និងអរគុណចំពោះយោបល់របស់ឯកឧត្តមក្នុងការខិតខំកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនឯកឧត្ដមផងដែរថាសម្ដេចក៏កំពុងតែដឹកនាំការពិនិត្យនិងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការងារពង្រឹងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍។

ក្នុងរយៈពេល​៦​ខែ ឆ្នាំ​២០២២​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​សរុប​ចំនួន១,៦០៩​លើក និង​ភាគច្រើន​កើតឡើង​នៅ​ពេលយប់ ក្នុងអត្រា​៥៧​ភាគរយ។ គ្រោះថ្នក់នេះបាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន៩៤២​នាក់ និង​រងរបួស២,២៣៥​នាក់ ក្នុង​នោះ​រងរបួស​ធ្ងន់​ចំនួន​១,៤២៩​នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​។

នៅកម្ពុជា ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ បច្ចុប្បន្ន មានតិចតួចប៉ុណ្ណោះកំពុងដំណើរការតាមរបៀបបង្គ្រប់កិច្ចនៅឡើយ ដូចជាំសេវារថយន្តក្រុងសាធារណៈ សេវេាកាណូតដឹកអ្នកដំណើរសាធារណៈ សេវារថភ្លើង។ សេវារថភ្លើងពីកណ្ដាលរាជធានីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិបានដួលបាត់ទៅហើយ ក្រោយដំណើរការមួយរយៈតែគ្មានអ្នកប្រើប្រាស់៕

Share.