រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីក្ដីសង្ឃឹមថា ប្រទេសកម្ពុជានឹងមានស្ថានីយសាកថ្មយានយន្តអគ្គិសនី ប្រមាណជា២០០ទីតាំង នៅឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជាមានឆន្ទៈនៅក្នុងការជំរុញការប្រើប្រាស់យានជំនិះអគ្គិសនី ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការចំណាយនៅកម្ពុជា។ ឯកឧត្តមថ្លែងបែបនេះនៅក្នុងកម្មពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations) នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន២កំពុងដើរតួនាទីសំខាន់នៅក្នុងការកសាងស្ថានីយ​សាកថ្មយានយន្ដអគ្គិសនីនៅកម្ពុជា ដោយបច្ចុប្បន្ន​មានចំនួនប្រមាណជា២០ទីតាំង តែនៅក្នុងឆ្នាំ២០២៣ខាងមុខនឹងកើនឡើងរហូតដល់ ២០០ទីតាំង។

របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា បច្ចុប្បន្ននេះ យានយន្ដអគ្គិសនី មានចំនួនចំនួជាង ៥០០គ្រឿង ខណៈឆ្នាំ២០២១ មានត្រឹមតែ ៤៥គ្រឿងប៉ុណ្ណោះ។

រូបតំណាង

ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជាមានឆន្ទៈ​នៅក្នុងការជំរុញឲ្យប្រជាជន និងស្ថាប័ននានា ងាកមកប្រើប្រាស់យានជំនិះអគ្គិសនី រាប់ពីម៉ូតូ រហូតដល់រថយន្ដ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការចំណាយផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី។ តាមរយៈគោលនយោបាយនេះ ក្រសួង នឹងគិតគូបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះ ដែលមានដូចជាស្ថានីយសាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កន្លែងបណ្តុះបណ្តាលបុគ្គលិក និងកន្លែងសម្រាប់ដាក់អាគុយខូចៗជាដើម។ «រថយន្ដអគ្គិសនីប្រើប្រាស់គ្រឿងបង្គំប្រមាណតែ ២ ០០០ ខណៈយានយន្តសាំងប្រើប្រាស់គ្រឿងបង្គំ រហូតដល់ជាង ២ម៉ឺន»។ ឯកឧត្តមស៊ុន ចាន់ថុល បន្ថែម។

Share.