ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកលឿនលឿនជ្រុលទៅបុកជាមួយរថយន្តLexus កំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យបោកបែកក្បាល ស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្បែរវត្តត្រពាំងឈូក ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វ៉េត វុន ភេទប្រុស អាយុ២៣ឆ្នាំ ពលករត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េ មានទីលំនៅ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-9392 ធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយរថយន្តសេរីទំនើបមួយគ្រឿង ម៉ាកLexus Lm300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0155 ដែលបើកពីត្បូងទៅជើង កំពុងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យប៉ើងខ្ទាតបោកផ្ទប់នឹងខឿន បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។ ដោយមិនអស់ចិត្ត ហៅរថយន្តសង្គ្រោះ ទៅពិនិត្យ ជាក់ស្តែងជនរងគ្រោះបានស្លាប់បាត់ទៅហើយ ម្តាយ បងប្អូនស្រែកទ្រហោយំបោកខ្លួន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចាត់ចែងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.