ប្រជាកសិករក្នុងស្រុកបវេល ខេត្តបាត់ដំបងសម្រុកចុះប្រមូលផលដំណាំល្ង ខណៈដែលមានភ្លៀងធ្លាក់កាន់តែជោគជាំ។

អ្នកស្រី ខុម ចន្នី ជាកសិកររស់នៅក្នុងភូមិបួរុន ឃុំអំពិល ៥ដើម ស្រុកបវេល ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ថា ឆ្នាំនេះអ្នកស្រីបង្កបង្កើនផលដំណាំល្ងចំនួន ៤ហិកតា ដោយសារមានទឹកភ្លៀងធ្លាក់ច្រើនជោគជំតាំងពីដើម ដល់ចុងរដូវបានបណ្តាលឲ្យដើមល្ងខូចខាតរលួយងាប់ស្ទើរតែស្រុង។ ស្របពេលដែលប្រទេសជួបវិបត្តិជំងឺកូវីដ-១៩ផងនោះកាន់តែធ្វើឲ្យកសិករបានជួបការលំបាកកាន់តែធ្ងន់ធ្ងរ ព្រោះទីផ្សារល្ងភាគច្រើនបានពឹងផ្អែកជាសំខាន់តែលើទីផ្សារក្រៅប្រទេស។

ស្រដៀងគ្នានេះដែរ អ្នកស្រី ធុន ធី រស់នៅភូមិអំពិល ៥ដើម បានបញ្ជាក់ដែរថា រដូវកន្លងមកនេះ ដំណាំល្ងរបស់លោកស្រីចំនួន ៧ហិកតាបានរងផងប៉ះពាល់យ៉ាងខ្លាំង។ លើសពីនេះនៅពេលដែលល្ងហុចផល ទិន្នផលបានថយចុះ និងខ្សត់ខ្សោយបំផុត ស្ទើរតែមិនបានគ្រប់ទាំងពូជផង ទាំងនេះព្រោះតែទឹកភ្លៀងបានធ្លាក់ច្រើនជោគជំខ្លាំងពេកនាំឲ្យល្ងរលួយងាប់ដើម ហើយបញ្ហាចំបងចុងក្រោយមួយទៀយគឺតម្លៃល្ងបានធ្លាក់ទាបលក់បានក្នុង ១គីឡូក្រាមត្រឹមតែ ៣ ៥០០រៀលប៉ុណ្ណោះ ខណ:ឆ្នាំមុនទីផ្សារល្ងល្អលក់បានតម្លៃពី ៦ ៥០០ ទៅដល់ ៧ ០០០រៀលក្នុង ១គីឡូក្រាម។ អ្នស្រីថា កាលនោះ គាត់ចំណេញប្រាក់បានប្រមាណជា ៣ ០០០ ទៅ ៤ ០០០ដុល្លារក្នុងមួយរដូវ។

បើតាមកសិករ ដំណាំល្ងហុចផលមិនច្រើនដូចដំណាំដទៃទៀតឡើយ។ ជាទូទៅក្នុង ១ហិកតាល្ងប្រមូលផលបានត្រឹមតែ ៦០០ ទៅ ៧០០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែបើមានឧបសគ្គវិញល្ងហុចផលបានត្រឹមតែ ៦ ទៅ ៧គីឡូក្រាមប៉ុណ្ណោះក្នុង ១ហិកតា។

បើទោះជាប្រឈមមុខនឹង បញ្ហាក្តី ក៏កសិករមួយចំនួននៅតែបន្តការដាំដុះមិនរាថយឡើយ ព្រោះវាជាមុខរបរតាំងពីដូនតា ដោយក្រោយបញ្ចប់ការប្រមូលផលស្រូវ កសិករបន្តការដាំដុះដំណាំល្ងជាធម្មតាបន្តទៀតវិលជុំជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ដំបងក្រញូង

Share.