កណ្តាល ៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ស្រាវជ្រាវតាមចាប់ខ្លួនក្រុមក្មេងទំនើងបានម្នាក់ហើយ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដែលប្រើហិង្សាប្រដាប់ដោយកាំបិតខ្វែវ ដេញកាប់លើគូរទំនាស់ និងកាប់ម៉ូតូខ្ទេច២គ្រឿង ប្រព្រឹត្តទៅ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ឆិកា ២០២២ នៅចំណុចលើផ្លូវជាតិលេខ៦ មុខក្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះចំនួន ០២នាក់ ទី១ ឈ្មោះ យ៉ាត យ៉ារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ទី២ ឈ្មោះ អាត ធារិទ្ធ ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ចំណែកជនដៃដល់ចាប់ខ្លួនបានម្នាក់ ឈ្មោះ សួន ពេជ្រសំអូន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

សមត្ថកិច្ចបន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្តចំនួន០៤នាក់ទៀត ប្រើមធ្យោបាយម៉ូតូចំនួន ០៣គ្រឿង បានមកពីមើលការប្រគុំតន្ត្រី នៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ ហើយត្រូវបានក្រុមជនសង្ស័យ ប្រដាប់ដោយកាំបិតខ្វែវ ចំនួន៣ដើម រងចាំស្ទាក់ ត្រង់ចំណុចកើតហេតុ ដោយឈ្មោះ ពែក កាន់ ០១ដើម ឈ្មោះ ពុន សុវណ្ណរ៉ា កាន់០១ដើម និងឈ្មោះ ឌីម សុខដែន កាន់០១ដើម គ្រាន់តែជួបក្រុមជន រងគ្រោះ ភ្លាមនោះ ក្រុមជនសង្ស័យបានលើកខ្វែវដេញកាប់ ក្រុមជនរងគ្រោះ ហើយជនរងគ្រោះបានឈប់ម៉ូតូរត់គេចខ្លួន ក្រុម ជនសង្ស័យបានដេញតាមកាប់ និង កាប់ម៉ូតូរបស់ជនរងគ្រោះខូចខាតម៉ូតូចំនួន០២គ្រឿង រួចក្រុមជនសង្ស័យគេចខ្លួនបាត់ ។

ករណីហឹង្សាខាងលើ ត្រូវបានកម្លាំងសមត្ថកុច្ចស្រាវជ្រាវ រហូតដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ សួន ពេជ្រសំអូន ដើម្បីចាត់ការតាមនីតិវិធី និងបន្តតាមចាប់បក្ខពួក២នាក់ទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូជនរងគ្រោះពិតប្រាកដមែន៕

អត្ថបទ៖តាតុង សែនជ័យ និង តាខ្មៅ

Share.