សមត្ថកិច្ចការពារព្រំដែនបានចុះនាំខ្លួនបុរសមេខ្យល់ចំនួន ២នាក់ខណ:បំពានច្បាប់នាំពលករឆ្លងដែនចូលក្នុងប្រទេសថៃក្នុងភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ។

លោកវរសេនីយ៍ ឯក  ពៅ  ថាវុធ  ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ បានឲ្យថា ស្នងការនគរបាលខេត្តបាត់ដំបងបានជំរុញឲ្យសមត្ថកិច្ច ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសត្រួតពិនិត្យពលរដ្ឋឆ្លងដែន   និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាក់ស្តែងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក  ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន គោកលេខ ៨១៧ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន សហការជាមួយកម្លាំងយោធាបានចុះអនុវត្តរារាំងទប់ស្កាត់ប្រជាពលរដ្ឋចំនួន ១១នាក់បម្រុងលួចឆ្លងដែនចូលក្នុងទឹកដីថៃ  ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ក្នុងចំណោមពលរដ្ឋដែលឃាត់ខ្លួនបានក៏មានមេខ្យល់ចំនួន ២នាក់ផងដែរបានបន្លំខ្លួនជាមួយពលករធ្វើសកម្មភាពនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

ជនសង្ស័យជាមេខ្យល់ទាំង ២នាក់មានឈ្មោះឆម ប៉េង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិគីឡូ១៣ និងម្នាក់ទៀតឈ្មោះ រួន ចាន់រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយការស្ទាក់ឃាត់ខ្លួនបានមេខ្យល់ទាំងពីរ កម្លាំងសមត្ថកិច្ចបានកសាងសំណុំបែបបទនាំខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី។

   ចំណែកឯពលករខ្មែរទាំង ៩នាក់ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឍប់រួចប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ ៣២ តាមវិធានការរបស់ក្រសួងសុខាភិបាល៕

Share.