បាត់ដំបង៖ យុវជន២ក្រុម សង្ស័យមានទំនាស់នឹងគ្នា ធ្វើឲ្យផ្ទុះអាវុធ១២គ្រាប់ ជិតវេទិការអុំទូក ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ក្បែរវេទិកាអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពបានបន្តថា មុនពេលកើតហេតុមានក្រុមយុវជន កូនអ្នកមានចំនួន ០២ក្រុម បានបើករថយន្តមកឈប់ចត ជិតក្រុមយុវជនមួយក្រុមទៀតរួចបានបើកចុចបើកកញ្ចក់បង្អួចហើយជជែកគ្នាបានបន្តិចស្រាប់តែបានទាញកាំភ្លើងខ្លីបាញ់ចំនួន ០២វគ្គតម្រង់ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យស្លាប់មនុស្សម្នាក់ប៉ុន្តែនៅមិនស្គាល់អត្តសញ្ញាណនៅឡើយ។

ករណីបាញ់បោះសេរីនេះក្រៅពីបង្កឲ្យមានមនុស្សស្លាប់ គេឃើញមានគ្រាប់កាំភ្លើងបានខ្ទាតទៅត្រូវដើមឈើចំនួន ០២គ្រាប់ និងត្រូវបង់អង្គុយចំនួន ០២គ្រាប់ផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅពិនិត្យនៅលើទីតាំងជាក់ស្តែងប្រមូលបានសម្បកគ្រាប់ចំនួន ១២គ្រាប់នៅលើដី៕

អត្ថបទ៖ ដំបងក្រញូង

Share.