បាត់ដំបង÷ (update) ក្រុមក្មេងស្ទាវបាញ់រះ ១២គ្រាប់ទាំងព្រឹក នៅសួនច្បារក្នុងក្រុងបាត់ដំបងបណ្តាលឲ្យស្លាប់យុវជនម្នាក់ផ្តើមចេញពីភ្លើងប្រច័ណ្ឌ។

សមត្ថកិច្ចបានបញ្ជាក់ថា÷ ករណីខាងលើបង្កឡើងរវាងក្រុមក្មេងចំនួនពីរក្រុមមានបញ្ហាជាមួយគ្នាក្នុងជម្លោះរឿងប្រច័ណ្ឌជាមួយនារីម្នាក់ដែលនៅជាមួយគ្នានៅក្នុងហេតុការណ៍ខាងលើដែរ។ ហេតុការណ៍នេះបង្កឡើងនៅត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព ក្នុងសង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។

ក្រុមយុវជនទាំង ២ក្រុមនេះកន្លងមកធ្លាប់ទំនាក់ទំនងជាមួយគ្នា ប៉ុន្តែក្រោយកើតនូវរឿងប្រច័ណ្ឌចោទប្រកាន់លើគ្នា ខណ:ចេញពីក្លឹបបានណាត់ដើម្បីជួបគ្នាជំរ:គំនុំតែម្តង ដោយភាគីជនរងគ្រោះបានជិះម៉ូតូជាមធ្យោបាយបានមកដល់ចាំមុន លុះក្រុមភាគីខាងរថយន្តមកដល់តាមក្រោយក៏បានឈ្លោះប្រកែកគ្នាមួយប្រាវរួចបានទាញកាំភ្លើងប្រភេទឡុកបាញ់រះលើក្រុមជនរងគ្រោះតែម្តង។

ប្រភពដដែលបានលើកឡើងថា÷ ករណីបាញ់បោះសេរីនេះបណ្តាលឲ្យមានយុវជនម្នាក់បានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ និងរងរបួសយុវជនចំនួន ២នាក់ផ្សេងទៀតមានទីលំនៅក្នុងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ចំណែកឯក្រុមជនបង្កមានទីលំនៅក្នុងក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន៕

អត្ថបទ៖ ដំបងក្រញូង

Share.