នៅ​ថ្ងៃ​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​សម្រេច​ចិត្ត​កែប្រែ​​រូបមន្ត​ប្រកួត​ថ្មី នៅ​ក្នុង​កម្មវិធី​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប 2023 AFC Asian Cup China ស្រប​ពេល​​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​​​​សិន។

រូបមន្ត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​មាន៖
១) វគ្គ​ជម្រុះ​៖ កម្ពុជា, ឥណ្ឌូណេស៊ី, កោះហ្គាម និង​តៃវ៉ាន់។
ក្រុម​កម្ពុជា និង​ឥណ្ឌូណេស៊ី ស្ថិត​នៅ Pot 1 ហើយ​កោះហ្គាម និង​តៃវ៉ាន់ ស្ថិត​នៅ Pot 2។ ដូច្នេះ​កម្ពុជា អាច​ជួប​កោះហ្គាម ឬ តៃវ៉ាន់។ Pot ទាំង​២​នេះ ​ត្រូវ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​នៅ​ថ្ងៃ​ទី​២៤​ខែមិថុនា ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​ជើង​ទី១ នៅ​ថ្ងៃ​ទី៧ ខែ កញ្ញា និង ជើង​ទី២​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ​២០២១។ អ្នក​ឈ្នះ​២ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​​លេង​នៅ​វគ្គ​ចែក​ពូល​ជុំទី២។

២) វគ្គ​ជម្រុះ​ជុំ​ទី២៖ មាន​ក្រុម​២២ នៅ​រង់ចាំ ដោយ​ត្រូវ​បែងចែក​ជា​៦​ពូល (១ពូល​មាន​៤ក្រុម)។ ក្រុម​ចំណាត់​ថ្នាក់​ល្អ​ចំនួន​​១១​ក្រុម​មាន​ឈ្មោះ​កក់​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ចិន។

ក្រុម​នៅ​រង់ចាំ​​នៅ​វគ្គ​ជុំទី២​នេះ​មាន​អ៊ូប៊ែគីស្ថាន, ហ្សកដានី, បារ៉ែន,ជីគីស្ថាន, ប៉ាឡេស្ទីន,​ឥណ្ឌា, ថៃ, គីហ្ស៊ីស្ថាន, ហ្វីលីពីន, ទួរមេនីស្ថាន, មីយ៉ាន់ម៉ា, ហុងកុង, យេមែន, គុយវ៉ែត, អាហ្វហ្គានីស្ថាន, ម៉ាឡេស៊ី, ម៉ាល់ឌីវ,​សិង្ហបុរី, នេប៉ាល់, បង់ក្លាដេស, ម៉ុងហ្គោលី និង​ស្រីលង្កា។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖វៀតណាម តំណាង​​អាស៊ាន ឡើង​ទៅ​ជុំ​ទី៣​ប្រចាំ​ទ្វីប​ជាមួយ​​១១​​ប្រទេស​​ផ្សេង​ទៀត

៣) វគ្គ​​ប្រកួត​ចុងក្រោយ​​២៤​ក្រុម​នៅ​ប្រទេស​ចិន៖
ពេល​នេះ​មាន​ក្រុម​ចំនួន​១៣​ក្រុម​ទៅ​ហើយ​មាន​ឈ្មោះ​ទៅ​ប្រកួត​មុន​គេ ដោយ​ក្នុង​នោះ​មាន​ចិន (ម្ចាស់​ផ្ទះ) ជប៉ុន,​ស៊ីរី,កាតារ,​កូរ៉េខាងត្បូង,​អូស្ត្រាលី,​​អ៊ីរ៉ង់,​អារ៉ាប់រួម,​អារ៉ាប៊ីសាអ៊ូឌីត,​អ៊ីរ៉ង់,​អូម៉ង់,វៀតណាម​និង​លីបង់។

ដូច្នេះ​បើ​បូក​ទាំង​ក្រុម​ខ្លាំង​ទាំង​១១ក្រុម​មក​ពី​វគ្គ​ជម្រុះ​ជុំទី២ ធ្វើ​ឱ្យ​វគ្គ​នេះ​មាន​ក្រុម​សរុប​២៤ក្រុម ដោយ​ត្រូវ​បែងចែក​ជា​​ពូល​ដើម្បី​ប្រកួត​ជម្រុះ​ជា​បន្ត។

ការ​បែងចែក​រូបមន្ត​ប្រកួត​ថ្មី​នេះ​គឺ​ឱ្យ​ស្រប​តាម​បរិបទ​កូវីដ-១៩​ផង និង​ជ្រើសរើស​ក្រុម​នេះ​ស្រប​តាម​លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ជុំទី២ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar កាល​ពី​ពេល​ថ្មីៗនេះ​ផង។

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ​បាន​១លើក​កាល​ពី​ឆ្នាំ​១៩៧២ ដែល​កាល​នោះ​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ។ កម្ពុជា បាន​ចាញ់​អ៊ីរ៉ង់ ២ទល់១ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​គ្រា​នោះ ហើយ​បាន​បន្ត​ចាញ់​ម្ចាស់​ផ្ទះ​ថៃ នៅ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ដោយ​បាល់​ប៉េណាំងទី​កាត់​សេចក្តី​៥ទល់៣ ក្រោយ​ប្រកួត​គ្នា​ពេញ​ម៉ោង​ស្មើ ២ទល់២៕

Telegram-Troryorng
Share.