កម្មការិនីរោងចក្រម្នាក់និងមិត្តរួមការងារជិះម៉ូតូចេញពីកន្លែងធ្វើការ ត្រូវចោរឆក់កាបូប ពេលនោះជនរងគ្រោះបានទាញកាបូបពីជនសង្ស័យបណ្តាលឲ្យដួលម៉ូតូទាំងសងខាង។ ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំង២នាក់។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:២០នាទី នៅចំណុចភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ ង៉ែត សុីណាត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ នៅភូមិប្រាំបីមុំ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ០២ នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមាន៖

១-ឈ្មោះ ស៊ុ ប៊ុនធួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  (អ្នកបើកម៉ូតូ)។

២-ឈ្មោះ ឆឹម មករា  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  (អ្នកឆក់)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកេីតហេតុ  ជនរងគ្រោះបានជិះម៉ូតូឌុបគ្នា ០២នាក់ ធ្វើដំណើរចេញពីការរោងចក្រត្រឡប់ទៅផ្ទះ។លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ ០២នាក់ជិះម៉ូតូ ០១គ្រឿង ឆក់យកកាបូបពីនារីរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏បានទាញកាបូបមកវិញ ហើយបានដួលម៉ូតូទាំង ០២គ្រឿង តែម្តង រួចជនសង្ស័យទាំង ០២នាក់ បាននាំគ្នារត់គេចខ្លួន។ ក្រោយមកជនរងគ្រោះបានស្រែកឆោឡោផ្អើលប្រជាពលរដ្ឋជួយដេញតាមនិងរាយការណ៍ឲ្យសមត្ថកិច្ច ។ បន្ទាប់ពីទទួលបានព័ត៌មានបានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក  កម្លាំងប៉ុស្តិ៍ក្រាំងម្នាក់ ប៉ុស្តិ៍ព្រៃពួច និងប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុ ដេញតាមស្វែងរកឃាត់ជនសង្ស័យបានទាំង ០២នាក់ នៅក្នុងវាលស្រែក្បែរកន្លែងកេីតហេតុ  នាំខ្លួនមកអធិការដ្ឋានដេីម្បីសួរនាំបន្តតាមនីតិវិធី ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ បានឲ្យដឹងថា ពួកខ្លួនបានជិះម៉ូតូ០១គ្រឿង ចេញពីចំណុចក្លោងទ្វារវត្តស្ងួនពេជ្រ ដើម្បីចេញធ្វើសកម្មភាពឆក់កាបូប។  រហូតដល់ចំណុចកើតហេតុក៏បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ពិតប្រាកដមែន ។

ក្រោយចាប់ខ្លួនរួចមក ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងផ្នែកជំនាញកសាងសំណុំរឿង តាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.