ខ្សែការពារជើងចាស់ ឈិន ឈឿន ប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្នុងវ័យ៣០ឆ្នាំ នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីជួយក្លិប Tiffy Army FC អស់រយៈពេលប្រមាណជាង១៣ឆ្នាំ។

ក្រោយចូលនិវត្តន៍ពីបាល់ទាត់ ឈិន ឈឿន នឹងប្រកបមុខរបរផ្ទាល់ខ្លួនវិញម្តង បន្ទាប់ពីបង្កើតបានស្នាដៃជាច្រើន ជាពិសេសរួមចំណែក Tiffy Army FC ក្នុងការលើកពានរង្វាន់ Hun Sen Cup ជាច្រើនលើក។

រីឯក្នុងក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន ធ្លាប់ជាប់តាំងពីឈុត U22, U23 ខណ:ឈុតធំនៅឆ្នាំ ២០១១ ដោយបង្ហាញខ្លួនសរុប១៩លើក ស៊ុតបញ្ចូលទីបាន២គ្រាប់។

គួរដឹងថា ឈិន ឈឿន ត្រូវបានគេស្គាល់ជាកីឡាករម្នាក់ដែលមានល្បឿនលឿន ដែលមានរហស្សនាមថា​ឆា​លី ១២៥CC បូករួមការខិតខំប្រឹងប្រែងខ្ពស់ ព្រមទាំងមានការគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អកំឡុងពេលជាកីឡាករអាជីព និងជាគំរូដ៏ល្អមួយសម្រាប់កីឡាករដ៏ទៃទៀតដើរតាមគន្លងដ៏ល្អរបស់រូបគេផងដែរ៕

Share.