សិល្បៈជាតិ៖ មហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» និងការសម្ដែងសិល្បៈ «រាត្រីចងចាំ»ដែលអាជ្ញាធរជាតិអប្សរា នឹងរៀបចំឡើងព្រឹកនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅបរិវេណប្រាសាទអង្គរវត្ត។

ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែធ្នូ នេះមានពិធីបួងសួងបែបសាសនា បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នាបរិវេណមុខប្រាសាទអង្គរវត្ត កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។

បន្ទាប់ពីនោះ វេលាម៉ោង១០ព្រឹក មានពិធីរាប់បាត្រព្រះសង្ឈចំនួន១៣០អង្គផងដែរ ក្នុងន័យនេះពុទ្ធបរិស័ទ មានបំណងចូលរួមក្នុងពិធីខាងលើ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងមានប្រសាសន៍បន្តថា នៅពេលល្ងាចចាប់ពីវេលាម៉ោង៥តទៅ នៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក៏មានពិធីសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ «រាត្រីចងចាំ» ជូនទស្សនិកជនបានទស្សនា។ មហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» មានគោលបំណងចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នឹងមានបង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។ ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណៈជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។ សូមជម្រាបដែរថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពីពេលវេលានិងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និងបានចូលរួមទស្សនា៕

Share.