សិល្បៈជាតិ៖ សារព័ត៌មានត្រយងបានទទួលព័ត៌មានបឋម នៅរសៀលថ្ងៃទី ១៤ ខែធ្នូនេះថា មេតុង​ទីន​អនឡាញន៍​ល្បីឈ្មោះ និងជាអតីតតារាចម្រៀងនៅផលិតកម្ម Rock គឺអ្នកនាង អឿន ម៉ូលីកា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ។

អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥ និង ២៥ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

រហូតមកទល់ពេលនេះនៅមិនទាន់មានដំណឹងពីការធ្វើបច្ចុប្បន្នភាពរបស់តារាចម្រៀងស្រីរូបនេះឡើយ តែយ៉ាងណាមិញគេបានដឹងថា កន្លងមកអ្នកនាងបានចុះហត្ថលេខាសហការណ៍ជាមួយ ក្រុម​ហ៊ុន​មេធាវី អេជ អេន អេស (HSN law Group) រយៈពេល​១ឆ្នាំ ក្នុងការធនាបានការពារតាមផ្លូវច្បាប់។ បើមានក្រុមហ៊ុនមេធាវីនៅពីក្រោយខ្នងបែបនេះ គ្រប់គ្នាកំពុងរង់ចាំមើលថា តើអ្នកនាងអាចទទួលបានការការពារតាមច្បាប់បន្តទៀតដែរឬទេ?

សូមជម្រាបថា សាវតារអតីតតារាចម្រៀង ម៉ូលីកា បានវិវត្តន៍ខ្លួនមានជីវភាពកាន់តែល្អប្រសើរ​នារយៈពេលចុងនេះក្នុងនាមជាមេតុងទីន និងបានរៀប​ការជា​មួយលោក ហុង មា​នុណ កាលពីថ្ងៃទីទី១៨ ខែមករា ឆ្នាំ២០២០ និងសម្រាលកូនស្រីកាល​ពីថ្ងៃទី៥ ខែ​កក្កដា​ឆ្នាំ​២០២០ ដោយដាក់ឈ្មោះថានុណ ច័ន្ទម៉ូនីតា ។ ក្រៅពីនាងធ្លាប់បានធ្វើ​កម្មវិធី​សប្បុរសធម៌ជាបន្ដបន្ទាប់ដល់តារាសិល្បករចាស់ជរាគ្មានទី​ពឹង និងជនក្រីក្រមួយចំនួន​ផង​ដែរ។

ក្រៅពីកាន់ក្បាលមេក្រូច្រៀងហើយនោះ ជីវិត ម៉ូលីកា ធូធារជាងមុនដោយបានប្រើលុយសុទ្ធទិញរថយន្តទំនើបម៉ាក Ferrari-488GTB ដែលមានតម្លៃ ៣៥ម៉ឺនដុល្លារទម្លាក់ចេញពីកុងតឺ និងមានរថយន្ដទំនើបម៉ាក Escalate ដែលមានតម្លៃជិតកន្លះលានដុល្លារថែមទៀត។

Share.