សិល្បៈជាតិ៖ កូនស្រីអតីតតារាសម្ដែងជើងចាស់ អ្នកនាង កែវ កល្យាណ គឺស្រីស្អាត កែវ ឡាវីញ បានចូលរោងការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២នេះ ជាមួយកូនកំឡោះសង្ហា ហម លាងហេង អាយុ ២៥ ឆ្នាំ ជាអ្នកជំនាញខាងផ្នែក IT។

អ្នកនាង កែវ កល្យាណ បានប្រាប់អ្នកសារព័ត៌មានថា ​មង្គល​ការ​កូនរបស់​នាងត្រៀមនឹងធ្វើនៅគេហដ្ឋានម្ដុំឈូកមាស​ ខណ្ឌ​សែន​​សុខ ដែលអ្នកនាងនិងគ្រួសារគ្រៀងអញ្ជើញ​ភ្ញៀវ​កិត្តិយសសរុបខ្ទង់ជាង៩០តុ។ តារាសម្ដែង កែវ ឡាវីញ និងគូស្នេហ៍បានមើលចិត្តថ្លើមគ្នាអស់រយៈពេលយូរដែរហើយ ទើបមេបាទាំងសងខាងសម្រេចឱ្យមានពិធីមង្គលនោះឡើង។

យ៉ាងណាមិញ កូនក្រមុំវ័យ ២៣ គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ រី​ឯកូនកំឡោះមាន២៥ ឆ្នាំ ជាអ្នកជំនាញខាងផ្នែក IT។ ទោះជំនាញនិងអាជីពផ្សេងគ្នាក៏ពិតមែន តែរឿងស្នេហាវិញគឺមិនប្រកាន់អាជីពឡើយដោយពួកគេចាប់ផ្ដើមបើកចំហរទំនាក់ទំនងតាំងអំឡុងឆ្នាំ២០១៩ មកម្ល៉េះ។ អ្នកនាង កល្យាណ បានឱ្យដឹងថា មង្គលការកូនស្រីនឹងមានតារាសិល្បៈជាច្រើនដួងចូលរួមអបអរ ជាពិសេសតារាសម្ដែងដែលនៅជំនាន់ស្រករអ្នកនាងផងដែរ។

គួររំលឹកដែរថា តារាស្រី កែវ ឡាវីញ មានប្រជាប្រិយភាពខ្លាំងនៅពេល​ភាព​​យន្ដរឿង «រសជាតិអ្នក​មាន​» ដែលមានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN។ បើទោះជាកន្លងមកការសម្ដែងនោះធ្វើឱ្យហ្វេន មានការយល់ច្រឡំថា​នាងនិងកញ្ញាយ៉ា សុផាន់ម៉ៃ មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ទាំងក្នុងនិងក្រៅឆាកក្ដី ប៉ុន្ដែ​ការ​សម្រេច​ចិត្តចូលរោងការរបស់ កញ្ញា ឡាវីញ នាពេលនេះ​ បញ្ជា​ក់​​ឱ្យគ្រប់គ្នាលែង​យល់​ច្រឡំ​បន្តទៀត។ ហើយថ្មីៗនេះ កញ្ញា ឡាវីញ ក៏បានចូលរួមសម្ដែងក្នុងភាពយន្ដភាគបុរណរបស់ទូរទស្សន៍ហង្សមាស គឺរឿង«ម្ចាស់​កី​តម្បាញ» ផងដែរ។

Share.