អាជ្ញាកណ្ដាលចំបាប់កម្ពុជា ៥រូបបានឆ្លងកាត់ដំណាក់កាលសិក្សាផ្នែកទ្រឹស្ដីដោយជោគជ័យ ក្នុងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្ដរជាតិ ដែលរៀបចំដោយគណៈកម្មាធិការជាតិ CAMSOC និង NOCC សហការជាមួយសហព័ន្ធកីឡាចំបាប់អន្ដរជាតិ ដោយរង់ចាំមើលលទ្ធផលនៃការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដើម្បីមានឱកាសក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ។

សម្រាប់អាជ្ញាកណ្ដាលកម្ពុជា ៥រូប រួមមានលោក នុត សេរីរដ្ឋ, យឹង សុផាន់ណារ៉ា, នង គ្រឹះស្នា, ជា រតនៈ និងលោក ផុន សុភាច គឺមាន ២នាក់ ជាអាជ្ញាកណ្ដាលអន្ដរជាតិ ដែលធ្លាប់ចូលរួមកាត់សេចក្ដីក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីថ្មីៗ គឺមានរូបលោក និងលោក យឹង សុផាន់ណារ៉ា ខណៈ ៣រូបទៀត ទើបចូលរួមលើកដំបូង តែក៏មានសមត្ថភាពខ្ពស់ផងដែរ។


លោក នុត សេរីរដ្ឋ បានឲ្យដឹងថា «វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១២-១៥ ខែធ្នូ ដោយមានសិក្ខាកាមចូលរួម ១៩រូប មកពី ៨ប្រទេស គឺមានអាជ្ញាកណ្ដាលកម្ពុជា ស្រីលង្ការ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ អ៊ីរ៉ាក់ ឥណ្ឌា និងកូរ៉េខាងត្បូង»។

លោកបន្តថា «ទាក់ទងនឹងការរៀននេះ ទោះពីមុនយើងធ្លាប់រៀន ឬមានសញ្ញាបត្រអន្ដរជាតិក៏ដោយ ក៏ត្រូវរៀនបន្ដទៀត នៅពេលមានវគ្គបណ្ដុះបណ្ដាលអន្ដរជាតិ រៀបចំដោយសហព័ន្ធកីឡាចំបាប់អន្ដរជាតិ មិនថានៅប្រទេសយើង ឬប្រទេសផ្សេងទេ គឺយើងត្រូវចូលរួមទៀត ដើម្បីឲ្យយល់ដឹងពីច្បាប់ ឬបទបញ្ជាការប្រកួតថ្មីៗ ពិសេសដើម្បីដំឡើងកម្រិតសញ្ញាបត្ររបស់យើង។ បើសិនយើងអត់ចូលរួម សញ្ញាបត្ររបស់យើងនៅកម្រិតដដែល»។


អាជ្ញាកណ្ដាលចំបាប់អន្ដរជាតិកម្ពុជាខាងលើ បន្ដថា «សម្រាប់វគ្គនេះ អាជ្ញាកណ្ដាលរបស់យើង បានរៀន និងតេស្ដ បានប្រឡងជាប់ការសិក្សាផ្នែកទ្រឹស្ដី និងទទួលបានសញ្ញាបត្ររួចហើយ នៅឡើយការអនុវត្តជាក់ស្ដែង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦-១៨ ខែធ្នូខាងមុខ ហើយបើអាជ្ញាកណ្ដាលរបស់យើងធ្វើបានល្អទៀត សហព័ន្ធកីឡាចំបាប់អន្ដរជាតិ នឹងផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់ជាសមាជិកអាជ្ញាកណ្ដាលអន្ដរជាតិផ្លូវការតែម្ដង ដើម្បីមានឱកាសចូលរួមការប្រកួតអន្ដរជាតិផ្សេងៗតែម្ដង»។

គួរបញ្ជាក់ថា កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដោយមានប្រតិភូ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៩១នាក់ចូលរួម។ ប៉ុន្ដែ មុនឈានដល់ការប្រកួត សហព័ន្ធអន្ដរជាតិ សហការជាមួយម្ចាស់ផ្ទះកម្ពុជា ពិសេសគណៈកម្មាធិការជាតិ CAMSOC, NOCC និងសហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិជាច្រើនវគ្គ មុនចូលរួមកាត់សេចក្ដី ក៏ដូចជាការអនុវត្តជាក់ស្ដែង ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះ៕

ប្រែសម្រួលពី៖ Cambodia 2023

Share.