សិល្បៈជាតិ៖ លោក អ៊ិន សុភិន បានចេញមកប្រកាសថា លោកបានលែងដៃពីការរៀបចំកម្មវិធី Miss​ Grand​ Cambodia​ ចាប់ពីឆ្នាំ ២០២៣ នេះតទៅហើយ បន្ទាប់ពីលោកបានដាច់កុងត្រា៣ឆ្នាំជាមួយស្ថាប័ន MGI។ ការប្រកាសរបស់អគ្គនាយកក្រុមហ៊ុនមហាហង្សរូបនេះបានផ្សាយឱ្យសាធារណជនដឹងកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២នេះ។

លោក អ៊ិ​ន សុ​ភិន បានទិញសិទ្ធផ្ដាច់មុខផលិតកម្មវិធី Miss Grand Cambodia ពីស្ថាប័ន Miss Grand International អស់​រយៈពេល​៣​ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ​២០២០, ២០២១ និង​ឆ្នាំ ២០២២​ ដោយលោកបានធ្វើឱ្យកម្មវិធីមួយនេះ មានការគាំទ្រខ្លាំងនៅក្នុងស្រុកពីសំណាក់អ្នកស្រឡាញ់វិស័យប្រកួតបវរកញ្ញា។ ៣ឆ្នាំកន្លងមកនេះ លោកក៏បានសម្រិតសម្រាំង និងធ្វើឱ្យបវរកញ្ញាខ្មែរយើងឈានជើងចូលដល់ Top កំពូលៗ។ ជាក់ស្ដែងឆ្នាំចុងក្រោយនេះ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានតំណែង 5th Runner Up។

កាន់តែធ្វើឱ្យអ្នកគាំទ្រធ្លាក់ថ្លើមក្ដុក នៅពេលដែលលោក អ៊ីន សុភិន ចេញមកប្រកាសបែបនេះ៖ «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ2023តទៅដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក !»។

យ៉ាងណាមិញ ចំពោះ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កុងត្រា​ខាងលើ​នេះ​ដែរ គឺបានបញ្ជាក់ថា នៅ​ឆ្នាំ​២០២៣ ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញាដ៏អស្ចារ្យ Miss Grand Cambodia 2023 លែង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​លោក អ៊ិ​ន សុ​ភិន​ទៀត​ហើយ​។ លោកក៏បានប្រាប់អ្នកកាន់អ្នកគាំទ្រដែលថា លោកនឹងងាកមកផលិតភាពយន្តឡើងវិញ បន្ទាប់ពីលោកបានព្រលែងដៃអស់ ៣ឆ្នាំមកហើយ។

សូមជម្រាបថា ជាគួរឱ្យកត់សម្គាល់គេមើលឃើញថា លោក អ៊ិន សុភិន គឺបុគ្គលម្នាក់ជោគជ័យ៤វិស័យព្រមគ្នា ទាំងវិស័យភាពយន្ត (ដែលលោកមានផលិតកម្មមហាហង្ស) វិស័យជំនួញ (ក្រុមហ៊ុនរបស់លោកមានទទួលសេវាបញ្ញើក្នុង និងក្រៅប្រទេស និងមានម៉ៅការគូប្លង់ដេគ័រអគារធំៗ) វិស័យកីឡា ( Mahahang All Stars FC ) និងចុងក្រោយនេះលោកទទួលបានការជោគជ័យលើវិស័យប្រកួតបវរកញ្ញា Miss Grand Cambodia ៕

Share.