សិល្បៈអន្តរជាតិ៖ Helmut​ Strebl (ហ៊ែលមេត ស្រ្តេប៊ល)​ គឺជាអ្នកលេងកាយវប្បកម្ម និងជាតារាម៉ូដែលជនជាតិអូស្ដា្រលី​ដែល​ត្រូវបានទទួលស្គាល់ថាមាន​សាច់​ដុំ​ណែន​ហាប់​ជាង​គេ​លើ​ពិភពលោក​ ប្រៀបដូចជាតុក្កតាដែលផុសចេញពីរឿង Hanma Baki។

បើទោះបីជាមុខមាត់របស់តារាប្រុសរូបនេះមិនសូវមានភាពទាក់ទាញ ប៉ុន្តែបើយើងក្រឡែកមកមើលសាច់ដុំរបស់លោកវិញ គឺពោរពេញទៅដោយសាច់កង់ៗហាប់ណែនគ្រប់កន្លែងនៃរាងកាយ។ នេះអាចបញ្ជាក់ឱ្យឃើញថា មានមនុស្សតិចនាក់ណាស់ដែលមានសាច់ដុំកង់ៗហាប់ណែនដូចជាតារាប្រុសរូបនេះ ព្រោះថា សាច់ដុំរបស់លោកមានសភាពសមាមាត្រល្អ ដែលមើលទៅស្ទើរតែអាចមើលឃើញគ្រប់សរសៃសាច់ដុំតាំងពីលើដល់ក្រោមស្បែករបស់លោក ។

Helmut បាន​ក្លាយ​ជា​តារាប្រុសដ៏មានប្រជាប្រិយភាព​ពេញ​និយម​នៅលើបណ្ដាញសង្គម​អស់​រយៈ​ពេល​ជាង ៥ ឆ្នាំ​មក​ហើយ ជាពិសេស​នៅ​លើ​ផ្លែតហ្វ័ម Reddit, Facebook, Instagram និង Twitter ជាដើម។ តារាប្រុសរូបនេះ​បច្ចុប្បន្ន​​មាន​អាយុ ៥៤ ឆ្នាំ ហើយ​ លោកអាចរក្សាសាច់ដុំរបស់លោកឱ្យមានសភាពតឹងណែនមិនប្រែប្រួល។

Helmut បានសម្រេចចិត្តចាប់​ផ្តើម​លើក​ទម្ងន់​តាំង​ពី​អាយុ​១២​ឆ្នាំ​មកម៉្លេះ ដែលកាលនោះលោកគឺជា​ក្មេងប្រុស​ស្លេក​ស្លាំង ទន់​ខ្សោយ គ្មានកម្លាំង ហើយ​តែង​តែ​ត្រូវ​គេ​ធ្វើ​បាប។ លោកទទួលបានការបំផុសគំនិតពីមិត្តរួមសាលាម្នាក់បង្រៀនឱ្យលោកចាប់ផ្តើមលើកទម្ងន់តាមកាដុងទឹកស្អាត។ ក្រោយមកដល់វ័យ១៦ឆ្នាំ លោកបានចាប់ផ្តើមហាត់ប្រាណយ៉ាងយកចិត្តទុកដាក់ ដោយមានការដាក់វិន័យ និងគោលដៅច្បាស់លាស់ ដើម្បីសម្រេចបានលទ្ធផល​ដូចអ្វីដែលលោកចង់បាន។

ដើម្បីឱ្យដងខ្លួនមើលទៅគ្មានខ្លាញ់ ដូចនៅក្នុងរូបភាពដែលបានឃើញនេះ Helmut បានព្យាយាមកាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ដល់ 4% ដែល​ជា​កម្រិត​ទាបបំផុត​គួរ​ឱ្យ​ជឿ និង​ពិបាក​​សម្រេច​បាន។ ប៉ុន្តែ​លោក​គិត​ថា​ វា​ជា​ការ​លះបង់​​ដ៏​សក្តិសម​ដើម្បី​ទទួល​បាន​រូបកាយ​ដ៏​អស្ចារ្យមានសាច់ដុំហាប់ណែន​បែប​នេះ។

ប្រភព៖ petmaya

Share.