កណ្តាល៖ សមត្ថកិច្ចស្រុកមុខកំពូល បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូ ដើរលួចកាច់កម៉ូតូ ប្រជាពលរដ្ឋបាន២គ្រឿង​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី ត្រង់ចំណុច ឡឥដ្ឋ ស្ថិតក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យទាំង០២នាក់ ទី១.ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពង់ចាម។​ ចំណែកជនសង្ស័យទី២.ឈ្មោះ ងួន រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំបុី ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងប្រតិបត្តការនេះដែរសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ភ្នំពេញ 1JR-6067បស់ជនរងគ្រោះ, មួយគ្រឿងទៀតម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ គ្មានស្លាកលេខ ឡើងតែមឆ្នាំ២០២២ របស់ជនសង្ស័យ, ទូរស័ព្ទដៃ០២គ្រឿង ,ស្លាកលេខម៉ូតូ ០១, សោឆ្នៃកាច់កម៉ូតូ០២ រួមនិងសម្ភារៈមួយចំនួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧:០០នាទី ជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ ០១គ្រឿង ចេញពីផ្ទះជួលនៅម្តុំផ្សារព្រៃទាល រាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពលួចកាច់កម៉ូតូ តាមផ្លូវជាតិលេខ៦។ ពេលធ្វើដំណើរមកដល់ចំណុចចន្លោះស្ពានលេខ៨ សង្កាត់បាក់ខែង ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពកាច់ក ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ នៅការដ្ឋានលក់ខ្សាច់ យកទៅលក់ឲ្យអ្នកចាំទិញមិនស្គាល់ឈ្មោះ នៅម្តុំទួលគោក។ក្រោយពីលក់ហើយជនសង្ស័យទាំងពីរនាក់ បានបន្តដំណើរមកធ្វើសកម្មភាពនៅស្រុកមុខកំពូលទៀត។ ពេលមកដល់ចំណុចឡឥដ្ឋកើតហេតុជនសង្ស័យបានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅក្នុងបរិវេណឡឥដ្ឋ ជនសង្ស័យបានចូលទៅកាច់ កម៉ូតូនោះទៀត  ហើយជិះចេញមកក្រៅបាន ៥០ម៉ែត្រ ទើបដូរឲ្យជនសង្សយ័ឈ្មោះ ងួន រតនា  ជិះម៉ូតូរបស់ជនរងគ្រោះវិញ  ដោយជិះមកទិសខាងជើង ដល់ចំណុចវត្តសិរីមង្គល ឃុំរកាកោងទី១ ជនសង្ស័យបានដោះផ្លាកលេខម៉ូតូជនរងគ្រោះចេញ ក្នុងនោះសមត្ថកិច្ចក៏បានទទួលព័ត៌មានពីជនរងគ្រោះ ពីករណីលួចកាច់ ក ម៉ូតូ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចេញពួនស្ទាក់ ហើយបានប្រទះឃើញជនសង្ស័យ ដោយជនសង្ស័យបានជិះគេច រហូតដល់ចំណុចផ្សារភ្នំឌិល ស្រុកបាធាយ ខេត្តកំពង់ចាម  ទើបសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនជនសង្ស័យ បានរួមទាំងវត្ថុតាងយកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនទាំងពីរនាក់ ពិតជាបានធ្វើសកម្មភាពកាច់ កម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតានីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.