ក្លិបបាល់ទាត់បឹងកេត បានប្រកាសនៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ អំពីការចែកផ្លូវជាមួយខ្សែការពារកណ្តាល Taher Jahanbakksh ក្រោយចប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២២។

ខ្សែការពារ Taher Jahanbakksh បច្ចុប្បន្នមានវ័យ៣២ឆ្នាំ កម្ពស់១.៨៤ម៉ែត្រ ធ្លាប់លេងឲ្យក្លិបជាច្រើននៅលីគកំពូលអ៊ីរ៉ង់ និងក្លិបនៅលីគកំពូលហ្វីលីពីន មុនចូលរួមជាមួយបឹងកេត នៅដើមរដូវកាល២០២២។

ក្រៅពីនេះកាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ ក្លិបបាល់ទាត់បឹងកេត ក៏បាន​ប្រកាសចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ពីររូបផ្សេងទៀតផងដែរ គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និងខ្សែការពារ​ សេត រ៉ស៊ីប។

បឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤ ក្នុង​តារាង​រួម​ដែល​មាន​សមាជិក​៨ក្រុម ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រុម​នេះ​បាន​ត្រឹម​ជើង​ឯករង និង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​វិសាខា ២-០៕

Share.