សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចោលកម្មវិធីជួបជុំទាំងអស់ ក្រោយសម្ដេច ប៉ះពាល់ប្រយោលជាមួយអ្នកកើតកូវីដ១៩។ នេះបើយោងតាមសំណេររបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅលើផេករបស់សម្ដេច នៅថ្ងៃទី១៩ ខែមិថុនា ២០២១នេះ។

Telegram-Troryorng

តាមរយៈសាររបស់សម្ដេចបង្ហោះលើផេក នៅថ្ងៃទី១៩ ខែមិថុនានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានពាក់ព័ន្ធប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ដូច្នេះ ក្រុមគ្រូពេទ្យតម្រូវឲ្យសម្ដេចធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១។

«ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ នៅវិមានសន្តិភាព។» នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។


សម្ដេចបានឲ្យដឹងទៀតថា «ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះ មិនតម្រូវឲ្យមានមនុស្សចូលមកជិតខ្ញុំទេ»៕

Share.