នៅដើមឆ្នាំ ២០២៣ នារាត្រីថ្ងៃទី០១ ខែមករា ក្លិបបាល់ទាត់តោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Graham Potter បន្តធ្វើមិនបានល្អដដែល ក្រោយបញ្ចប់ការប្រកួតស្មើ ១-១ ជាមួយ Nottingham Forest នៅកីឡដ្ឋាន City Ground, Nottingham។

ភ្លាមៗនោះលោក Todd Boehly ដែលត្រូវជាប្រធានក្លិបរបស់ Chelsea បានកោះហៅលោក Graham Potter ដើម្បីបើកកិច្ចប្រជុំពិភាក្សាគ្នាជុំវិញអនាគតរបស់លោក បន្ទាប់ពីដឹកនាំមិនទទួលបានលទ្ធផល ដូចការរំពឹងទុក។ ជាពិសេសលោក Graham Potter បានធ្វើឲ្យអ្នកគាំទ្របាត់បង់ទំនុកចិត្ត លែងចង់ឲ្យលោកបន្តដឹកនាំក្រុមថែមទៀតផង។

គួរដឹងថាលោក Graham Potter បានចាកចេញពីក្លិប Brighton & Hove Albion ដើម្បីចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់តោខៀវ Chelsea ជំនួសកៅអីលោក Thomas Tuchel នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺមានរយ:ពេលត្រឹមតែ៣ខែជាងប៉ុណ្ណោះ។

បច្ចុប្បន្នក្លិបបាល់ទាត់ Chelsea កំពុងស្ថិតនៅលេខរៀងទី៨ នៃលីគកំពូលអង់គ្លេស English Premier League 2022/23 គិតត្រឹមសប្តាហ៍ទី១៦ ដោយលេង១៦ប្រកួត ឈ្នះ៧ ស្មើ៤ និងចាញ់៥ មាន២៥ពិន្ទុ។

ខណ:ការប្រកួតបន្ទាប់របស់ Chelsea នឹងត្រូវជួបជើងខ្លាំង Manchester City នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Stamford Bridge វេលាម៉ោង ៣:០០រំលងអធ្រាត្រ ហើយវាអាចជាការប្រកួតចុងក្រោយរបស់លោក Graham Potter ដឹកនាំ Chelsea បើសិនបន្តចាញ់៕

Share.