ក្រុមអ្នកជួយសង្រ្គោះរាប់រយនាក់នៅក្នុងប្រទេស វៀតណាម បានព្យាយាមប្រឹងប្រែងជួយរំដោះខ្លួនក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងរណ្ដៅសសរស៊ីម៉ង់ជម្រៅប្រមាណ ៣៥ម៉ែត្រ នៅក្នុងការដ្ឋានសំណង់មួយកន្លែងកាលពី ២ថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ ច័ន្ទ ទី ០២ ខែ មករា ឆ្នាំ ២០២៣។

ក្រុមអ្នកជួយសង្រ្គោះម្នាក់បានប្រាប់ទីភ្នាក់ងារ AFP តាមទូរស័ព្ទថា ក្មេងប្រុសនោះមានឈ្មោះថា Thai Ly Hao Nam បានធ្លាក់ចូលទៅក្នុងប្រហោងនៃសសរបេតុង ១ដើម ដែលមានទទឹងត្រឹមតែ ២៥សង់ទីម៉ែត្រ ដែលត្រូវបានបញ្ចុះទៅក្នុងដី ជាផ្នែកនៃដំណើរការសាងសង់ស្ពានថ្មីមួយខ្សែនៅខេត្ត Dong Thap ភាគខាងត្បូងប្រទេស វៀតណាម ខណៈក្មេងប្រុសម្នាក់នោះទំនងជាកំពុងស្វែងរកដែកអេតចាយនៅក្បែរនោះ។

យ៉ាងណាម៉ិញ អ្នកជួយសង្រ្គោះបាននិយាយថា «យើងកំពុងព្យាយាមអស់ពីសមត្ថភាព ចំណែកឯស្ថានភាពរបស់ក្មេងប្រុសខាងលើយើងមិនទាន់អាចដឹងច្បាស់នៅឡើយទេ»។

យោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមអ្នកជួយសង្រ្គោះបានព្យាយាមខួង និង បន្ទន់ដីជុំវិញ ដើម្បីព្យាយាមទាញសសរនោះឡើងលើដើម្បីជួយសង្រ្គោះក្មេងប្រុសនោះ។

កាសែតវៀតណាម Tuoi Tre បានចេញផ្សាយថា អាជ្ញាធរមិនប្រាកដអំពីស្ថានភាពបច្ចុប្បន្នរបស់ក្មេងប្រុសនោះទេ ក្មេងប្រុសនោះបានបញ្ឈប់ការទាក់ទងជាមួយមនុស្សនៅខាងក្រៅហើយ ទោះបីជាបានខិតខំបញ្ជូនអុកស៊ីសែនចូលទៅក្នុងរន្ធរណ្ដៅនោះក៏ដោយ ប៉ុន្ដែក្រុមជួយសង្រ្គោះកំពុងបន្ដខិតខំឲ្យអស់ពីលទ្ធភាព ហើយឧស្ម័នអុកស៊ីសែន ត្រូវបានបញ្ជូនចូលទៅក្នុងសសរជាប់រហូត។

សូមជម្រាបថា នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានបញ្ជាឲ្យ គណៈកម្មាធិការជាតិឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ស្វែងរក និង ជួយសង្រ្គោះ ក្មេងប្រុសនោះ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិ សន្ដិសុខសាធារណៈ ដឹកជញ្ជូន និង សំណង់ ត្រូវផ្ដល់កម្លាំងចាំបាច់ និង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងរឿងនេះដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស៕

ប្រភព៖ NDTV

Share.