(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថ បញ្ជូនមេខ្យល់ម្នាក់ទៅតុលាការ ក្រោយពីនាំពលករលួចឆ្លងដែនដោយខុសច្បាប់ នៅរសៀលថ្ងៃទី19 ខែមិថុនា ឆ្នាំ2021 ក្រោយពីធ្វើសកម្មភាពនាំពលករលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

ជនសង្ស័យឈ្មោះ គង់ ពៅ អាយុ46ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2021។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះល្បាត និងឃាត់បានពលករម្នាក់ និងពលករជាច្រើននាក់ទៀតរត់គេចខ្លួន កាលពីថ្ងៃទី13 ខែមិថុនា ឆ្នាំ2021 ហើយបន្តស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ម្នាក់។

 ក្រោយពីសួរនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាបាននាំពលករបម្រុងឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ទើបបញ្ជូនទៅកម្លាំងជំនាញកងអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកពលករត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យម៉ាឡៃការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-19។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

អត្ថបទ៖ ភ្នាក់ងារប៉ោយប៉ែត

Share.