Update៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម បានផ្សាយកាលល្ងាចពីថ្ងៃ ពុធ នេះថា ក្មេងប្រុសអាយុ១០ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងរណ្ដៅសសរស៊ីម៉ង់ជម្រៅ ៣៥ម៉ែត្រ នៅការដ្ឋានសំណង់កាលពីចុងឆ្នាំ២០២២ ត្រូវបានប្រកាសថាបានស្លាប់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ មករា ឆ្នាំ ២០២៣។

កាសែត VNExpress បានដកស្រង់សម្ដីមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ម្នាក់ថា ក្រុមអ្នកជួយសង្រ្គោះបានចំណាយពេលជិត ១០០ម៉ោង ដើម្បីព្យាយាមជួយរំដោះកុមារា Ly Hao Nam ចេញពីរណ្ដៅសសរស៊ីម៉ង់ ១ដើម ដែលមានទទឹងត្រឹមតែ ២៥សង់ទីម៉ែត្រ និង មានជម្រៅ ៣៥ម៉ែត្រ ចូលទៅក្នុងដី ប៉ុន្ដែការជួយសង្រ្គោះនោះបរាជ័យ។

លោក Doan Tan Buu អនុប្រធានខេត្ត Dong Thap ថា «អាជ្ញាធរបានកំណត់ថា ជនរងគ្រោះបានស្លាប់ហើយ ហើយយើងនឹងខិតខំស្វែងរកសពក្មេងប្រុសនោះដើម្បីយកមកធ្វើបុណ្យ»។

យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេបាត់បានឮសំឡេងក្មេងប្រុសនោះយំសុំជំនួយភ្លាមៗ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងរណ្ដៅកាលពីថ្ងៃ សៅរ៍ នៅឯការដ្ឋានសំណង់មួយកន្លែងដែលជាផ្នែកនៃដំណើរការសាងសង់ស្ពានថ្មីមួយខ្សែនៅខេត្ត Dong Thap ភាគខាងត្បូងប្រទេស វៀតណាម ដែលពេលនោះកុមារា Nam បានដើរដែកអេតចាយជាមួយមិត្តភក្ដិរបស់គេ។

សូមជម្រាបថា កាលពីថ្ងៃ ពុធ នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជំរុញឲ្យក្រុមអ្នកជួយសង្រ្គោះ និង អាជ្ញាធរមូលដ្ឋានប្រមូលឧបករណ៍ និងកងកម្លាំងទាំងអស់ទៅកន្លែងកើតហេតុដើម្បីជួយស្វែងរកក្មេងប្រុសនោះ៕

ប្រភព៖ CNA

ចុចអាន៖ កុមារាអាយុ១០ឆ្នាំ ធ្លា.ក់ចូលទៅក្នុងប្រហោងសសរស្ពានជម្រៅ ៣៥ម៉ែត្រ នៅវៀតណាម

Share.