យោងតាមលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ ពិតជាមានបណ្ណកម្មសិទ្ធិលើដីដែលរាជរដ្ឋាភិបាលអះអាងថាជាដីរបស់ក្រសួងការបរទេសប្រាកដមែន។ បើតាមប្រភពដដែល ដីដែលកំពុងគ្រប់គ្រងដោយលោក គង់ គាំ និងភារិយា មានវិញ្ញាបនបត្រលេខ១២០១០១០៥-០១១៣ ចុះហត្ថលេខាដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

ផ្អែកតាមកាលបរិច្ឆេទខាងលើនេះ សារព័ត៌មានត្រយង បានរកឃើញថាប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញដែលបានចុះហត្ថលេខាឱ្យលោក គង់ គាំ និងភរិយា មានបណ្ណកម្មសិទ្ធិលើដីក្រសួងការបរទេសនោះ ទំនងជាលោក ជា ស៊្រុន។ បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដែលកាលណោះរដ្ឋមន្រ្ តីបានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងលោក សារិន វណ្ណា ជាប្រធានមន្ទីរថ្មីជំនួសលោក ជា ស្រ៊ុន ដែលបានចូលនិវត្តន៍។

សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនាអំឡុងឆ្នាំ១៩៨០ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតស្វែងរកភាពមិនប្រក្រតីនានាពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិលើដីក្រសួងការបរទេសរបស់លោក គង់ គាំ។ សម្ដេចបានបញ្ជាក់ឱ្យដឹងតាមមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ថាលោក គង់ គាំ បានលួចបន្លំធ្វើបណ្ណកម្មសិទ្ធិនោះ និងបានស្នើអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការតាមផ្លូវច្បាប់ និងតាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការស្រាវជ្រាវ៕

លោក ជា ស្រ៊ុន
Share.