ភ្នំពេញ៖បុរសម្នាក់បានបាត់បង់ជីវិតភា្លមៗ និងបុរសនារីបីនាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះបាន ក្នុងករណីបើករថយន្ដតាមបណ្ដោយស្ថានភាពរអិលរួច រេចង្កូតធ្លាក់ទឹកទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលំ ក្នុងភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រីបួននាក់ជិះរថយន្ដមួយគ្រឿងពណ៌ខ្មៅ ម៉ាកឡុចសុីស LX470 ពាក់ស្លាកលេខភ្នំពេញ 2G-5128 ចេញពីច្រៀងខារាអូខេដោយធ្វើដំណើរតាមបណ្ដោយផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត តែដោយសារស្ថានភាពផ្លូវលំបាកបែកភក់រអិល រថយន្ដក៏រេចង្កូតទៅខាងស្ដាំដៃបុកដើមអាកាស្យាមួយដើម រួចរថយន្ដមិនទាន់អស់ល្បឿន ក៏ហោះផ្លោងធ្លាក់ទឹកលិចជម្រៅ១០មែត្រ។ភ្លាមៗនោះជនរងគ្រោះបានព្យាយាមគាស់ទ្វារថយន្ដចេញមកក្រៅ តែជាអកុសលបុរសម្នាក់ក្នុងចំណោមប្រុសស្រី៤នាក់ បាត់បង់ជីវិតភ្លាមៗ។ចំណេកប្រុសស្រីបីនាក់ទៀតបានហែលឡើងគោករួចជីវិត រួចបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ដក្នុងទឹក។ ក្រោយពីកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងអរន្ដរាគមន៍៩១១ ចុះមកជួយមុជទឹករាវរកខ្លាចមានអ្នកនៅក្នុងរថយន្ដ។ភ្លាមៗកម្លាំងអន្ដរាគមន៍៩១១ បានចុះមកមុជរាវរកឃើញសពម្នាក់ និងបានមុជចងខ្សែស្ទូចរថយន្ដឡើងគោកប្រគល់ជូនសមត្ថកិច្ចចរាចរណ៍ផ្លូវគោកស្រុកអង្គស្នួល។
សពជនរងគ្រោះមានឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ៤១ ឆ្នាំនិងមានស្រុកកំណើតនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បន្ទាប់ពីកម្លាំងអន្ដរាគមន៍៩១១ មុជទឹកស្រង់សព និងរថយន្ដឡើងលើគោករួចហើយ សមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកស្រុកអង្គស្នួល បានធ្វើកំណត់ហេតុនិងកោសល្យវិច័យលើសពជនរងគ្រោះ រួចដឹកយកទៅតម្កល់ទុក រង់ចាំសាច់ញាតិមកទទួលរថយន្ដនិងសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ត្រយងតូច

Share.