កណ្តាល៖ ចាប់ខ្លួនបានជនសង្ស័យម្នាក់ ចំណែក៣នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោរចូលលួចម៉ូតូ២គ្រឿង​ នឹងសម្ភារមួយចំនួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទីយប់ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យទាំង៤នាក់ទី១ មានឈ្មោះ ប៉ែន ជីតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរជាងភ្លើង (ឃាត់ខ្លួន)។ ២-ឈ្មោះ សុខ ជា ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ៣-ឈ្មោះនី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួលភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ៤-ឈ្មោះ អាន ចន្ថា ភេទប្រុស  អាយុ៤០ឆ្នាំ ទីលំនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖  ធុងបាស់ ០១គ្រឿង របស់ជនរងគ្រោះ ,ខោអាវម៉ូតូ Honda scoopy ពណ៌ខ្មៅ មួយចំនួន, ដាវ ០២ដើម, ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ០១កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, សៀវភៅគ្រួសារ ០២ក្បាល, ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល 1AO-7447,ផាស់អាប់ ០១គ្រឿង ពណ៌ស ផ្លាកលេខ តាកែវ 1R-1242, ទូរសព្ទ ០១គ្រឿង, ប័ណ្ណបបសចំនួន ០៣សន្លឹក, ប័ណ្ណសម្គាល់យានយន្ត ០២សន្លឹក, អត្តសញ្ញាណប័ណ្ណ ០២សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំង ០២សន្លឹក , ដែកនិងទួរណឺវីស សម្រាប់ឆ្កឹះសោរចំនួន០៣។

តាមប្រភពព័តឥមានបានឲ្យដឹងថា ជនរងគ្រោះបានចាក់សោរទុកម៉ូតូ ០២គ្រឿង និងធុងបាស់ ០១គ្រឿង នៅក្នុងផ្ទះ បន្ទាប់មកក៏មានជនសង្ស័យបាននាំគ្នាឆ្កឹះសោរយកម៉ូតូនិងធុងបាស់បាត់ទៅ។ តែដោយសារម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ GPS ក៏បានតាមរកឃើញលោតនៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមកជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចក្រុងតាខ្មៅ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះឆែកឆេរផ្ទះជួលនោះ ហើយដកហូតបានវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះ និងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានអធិការនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.