សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់នូវអនុសាសន៍ឱ្យអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើន ទំនាក់ទំនងល្អ និងជិតស្និតជាមួយនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី ខេត្ត។ សម្ដេចបានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងពិធីបិទកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយស្ដីពី«យុទ្ធសាស្រ្តនយោបាយព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ដែលក៏មានអតីតភាពជាអ្នកកាសែតនៅភូមិភាគបូព៌ានាសម័យតស៊ូផងនោះ ក៏បានណែនាំឱ្យអ្នកនាំពាក្យរដ្ឋបាលរាជធានី ខេត្ត រៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។

សម្ដេចក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជ ធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាព ព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយតាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផល ជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល

មានប្រសាសន៍ដល់វិស័យព័ត៌មាន សម្ដេចក្រឡាហោម បន្តថាវិស័យនេះត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើក កម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថាព័ត៌មានគឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបាន ដាក់ចេញ ឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។

សម្ដេចបន្តថា«ព័ត៌មាន»ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផលនិងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាង ជូនជាតិ មាតុភូមិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជា ពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈម ការលំបាក ក៏ដូចជា សំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

សម្ដេចក៏បានបង្ហាញការសង្កេតឃើញថាកន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃ របស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ ហើយសម្ដេចបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ទៅតាមតាមយុទ្ធសាស្ត្រនយោបាយព័ត៌មាននេះ៕

Share.