កើត​នៅ​ឆ្នាំ ១៩៤១ ក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​គោកល្វៀង ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក លោក គង់ គាំ បាន​រៀបមង្គលការនៅ​ឆ្នាំ​១៩៦៥ និងបង្កើតបាន​កូន៦​នាក់ ប្រុស៤​នាក់។ ក្នុងចំណោមកូនប្រុស៤រូបរបស់លោក គង់ គាំ គឺមាន៣រូបហើយដែលបានក្លាយជាអ្នកនយោបាយ ក្នុងនោះរួមមានលោក គង់ បូរ៉ា លោក គង់ សុភា និងលោក គង់ ម៉ូនីកា។

ដំបូងឡើយ មានកូនប្រុសរបស់លោក២រូប បានជាប់អ្នកតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក គង់ បូរ៉ា និងលោក គង់ សុភា។ ក្រោយការរំលាយគណបក្សប្រឆាំងមួយនេះ លោក គង់ បូរ៉ា បានបន្តអាស្រ័យជីវិតនយោបាយពនេចរជាមួយលោក សម រង្ស៊ី ឯក្រៅប្រទេស ខណៈលោក គង់ បូរ៉ា​ ក៏បានមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងរបត់នយោបាយក្រោយCNRPត្រូវបានរំលាយ លោក គង់ គាំ បានដកខ្លួនមកសំងំជួយជ្រោមជ្រែងកូនប្រុសពៅឈ្មោះ គង់ ម៉ូនីកា បង្កើតបានគណបក្សឆន្ទៈខ្មែរ។ ដ្បិតមិនបានអាសនៈក្នុងការបោះឆ្នោតឆ្នាំ២០១៨ ប៉ុន្តែលោក គង់ ម៉ូនីកា បានទទួលតំណែងនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្រ្តីនឹងគេដែរ។

លោក គង់ គាំ ស្ថិតក្នុងចំណោមអ្នកនយោបាយប្រឆាំងចាស់វស្សាដែលបណ្ដុះបណ្ដាលកូនៗធ្វើនយោបាយបានច្រើននាក់។ សូម្បីលោក សម រង្ស៊ី ជាមនុស្សស្នឹតនឹងលោកតាំងពីបែកចេញពីគណបក្សហ្វ៊ុនស៊ីនប៉ិចមកនោះក៏គ្មានកូនៗចេញមកធ្វើនយោបាយដូចលោកដែរ។ ប៉ុន្តែជាការកត់សម្គាល់ កូនៗរបស់លោក គង់ គាំ ច្រើនតែធ្វើនយោបាយរេចុះរេឡើង។

ទស្សនៈខ្លះបានលើកឡើងថាការរេចុះរេឡើងរបស់អ្នកនយោបាយ ឬប្ដូរពីបក្សមួយទៅបក្សមួយ ប្ដូរពីជំហរមួយទៅជំហរមួយ គឺជារឿងធម្មតា ប៉ុន្តែទស្សនៈខ្លះទៀតក៏បានរិះគន់អ្នកនយោបាយដែលប្រកាន់វប្បធម៌រត់ចុះរេឡើងបែបនេះដែរ។ ដ្បិតទស្សនៈខ្លះថាដើម្បីបន្តឆន្ទៈស្នេហាជាតិ និងជួយប្រជាជន ប៉ុន្តែខ្លះទៀតបានរិះគន់ថានយោបាយបែបនេះគឺដើម្បីតែប្ដូរយកបុណ្យស័ក្ដិ។

លោក គង់ គាំ ដែលប្រកាសថាចូលនិវត្តន៍ពីជីវិតនយោបាយដើម្បីជួយជ្រោមជ្រែងកូនប្រុសពៅនោះ បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនកាន់តែសកម្មឡើងវិញ ក្រោយពីលោក គង់ ម៉ូនីកា បានទៅរួមរស់ជាមួយគណបក្សភ្លើងទៀន ខណៈលោកក៏មានតួនាទីជាឧត្តមទីប្រឹក្សាគណបក្សប្រឆាំងមួយនេះ ហើយក៏ចាប់ផ្ដើមប្រើវោហារសព្ទធ្ងន់ៗទៅលើគណបក្សកាន់អំណាចជាថ្មីទៀត។

ទីបំផុតការថ្លែងរបស់លោក គង់ គាំ បានទទួលការប្រតិកម្មធ្ងន់ៗត្រឡប់ទៅវិញពីសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីអតីតសការី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានបរិហារគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងថ្ងៃរំដោះ៧មករា។ ព្រោះតែបញ្ហានេះ លោក គង់ គាំ បានប្រឈមមុខនឹងបណ្ដឹងពីគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំជាទីដែលលោកបានថ្លែង។

សម្ដេចយតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូចជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តីបច្ចុប្បន្ន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានធ្វើយុទ្ធនាការទាមទារមកវិញនូវដីលំនៅដ្ឋានរបស់ក្រសួងការបរទេសក្បែរស្ថានទូតរុស្ស៊ីដែលលោក គង់ គាំ បានរស់នៅក្រោយរបបខ្មែរក្រហម និងទើបធ្វើបណ្ណកម្មសិទ្ធិនៅឆ្នាំ២០១៥។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើករណីធ្វើបណ្ណកម្មសិទ្ធិលើដីរបស់ក្រសួងការបរទេសពីសំណាក់លោក គង់ គាំ ដោយសម្ដេចអះអាងថាការធ្វើនោះគឺជាការបន្លំឯកសារ។ ចំណែកឯកឧត្តម ប្រាក់ សុខុន ក៏បានសរសេរលិខិតសុំតុលាការរក្សាការពារដីនោះជាបណ្ដោះអាសន្នផងដែរ។

តាមរយៈចំណាត់ការចុងក្រោយនេះ លោក គង់ គាំ ជាឪពុក និងលោក គង់ ម៉ូនីកា ជាកូន ដែលពីដំបូងហាក់ដូចជាក្លៀវក្លាទាំងតាមរយៈវេទិកានយោបាយ និងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ក៏ស្រាប់តែសរសេរលិខិតម្នាក់មួយច្បាប់ៗ សុំចូលជួបសម្ដេចតេជោ ដើម្បីបកស្រាយអំពីការនិយាយប៉ះពាល់គណបក្សកាន់អំណាច រឿងរ៉ាវដីរបស់ក្រសួងការបរទេស សម្តែងការគួរសម និងស្តាប់ការណែនាំ…។

របត់ចុងក្រោយនេះ ក៏នាំឱ្យមានទស្សនៈរិះគន់ដែរថាការវិលមកប្ដូរឥរិយាបទភ្លាមបែបនេះក៏ព្រោះតែអ្នកទាំងពីរព្រួយបារម្ភខ្លាចបាត់បង់ដីជាងកន្លះហិកតានៅកណ្ដាលរាជធានីភ្នំពេញ ព្រមទាំងប្រឈមមុខនឹងផ្លូវច្បាប់ផ្សេងទៀត ខណៈខ្លះទៀតបានលើកសរសើរអំពីជំហរលោក គង់ គាំ និងកូនប្រុស ដែលបន្ទន់ឥរិយាបទដើម្បីផ្សះផ្សារគ្នាតាមរយៈវប្បធម៌សន្ទនា។

រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីករណីលោក គង់ គាំ តាមហ្វេសប៊ុកឬតេឡក្រាមដូចសព្វមួយដងនៅឡើយទេ ថាសម្ដេចបានទទួលលិខិតទាំងពីរនោះ ឬបានឆ្លើយតបបែបណា ខណៈតាមសវតានយោបាយរបស់សម្ដេចតេជោ សម្ដេចច្រើនតែផ្ដល់ការអនុគ្រោះច្រើនដល់គូបក្ខដិបក្ខ។

បើទោះជាមិនទាន់បានឆ្លើយតបយល់ព្រមឱ្យជួបឬយ៉ាងណា ប៉ុន្តែនៅយប់មិញនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិអំពីករណីលោក គង់ គាំ យល់ព្រមប្រគល់ដីលំនៅដ្ឋានរបស់ក្រសួងការបរទេសមកឱ្យរដ្ឋវិញ ដោយថែមទាំងបានផ្ដិតមេដាយជាមួយភរិយារបស់លោកទៀតផង។ សម្ដេចតេជោ ក៏បានប្រកាសឈប់ប្ដឹងលោក គង់ គាំ តទៅទៀតដែរ៕

Share.