ពូបង្កើតរបស់ឃាតករដែលបាញ់សមម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo បាននិយាយថា ក្មួយប្រុសរបស់លោកបានប្រាប់ប្អូនស្រីរបស់ខ្លួនថា នឹងបានចូលរៀននៅមហាវិទ្យាល័យ នៅពេលបានចេញពីពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ ២០២៣។

ជនជាប់ចោទ Yamagami Tetsuya បាននិយាយថា រូបលោកមិនអាចទៅរៀននៅមហាវិទ្យាល័យបានទេ ដោយសារតែម្ដាយរបស់គាត់បានបរិច្ចាគទ្រព្យសម្បត្តិយ៉ាងច្រើនដល់ក្រុមសាសនាដែលគេស្គាល់ជាទូទៅថា ជាព្រះវិហារបង្រួបបង្រួម ឬ អង្គការសាសនា Unification Church។

Yamagami ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា បានចងគំនុំនឹងអង្គការសាសនា Unification Church ហើយបានធ្វើឃាតលោក Abe កាលពីខែកក្កដា ឆ្នាំ២០២២ នៅឯទីក្រុង Nara ដោយសារតែដឹងថាលោក Abe មានទំនាក់ទំនងជាមួយ អង្គការសាសនាមួយនេះ។

ទាក់ទិននឹងបញ្ហានេះ ពូបង្កើតរបស់ Yamagami បានអះអាងថា លោកផ្ទាល់បានស្នើសុំទៅកាន់ក្រុមមេធាវី ឲ្យជួយធ្វើយ៉ាងណាបង្វិលប្រាក់ដែលម្ដាយរបស់ Yamagami បានបរិច្ចាគត្រឡប់មកវិញ។ ប៉ុន្ដែម្ដាយរបស់ជនជាប់ចោទនោះ ត្រូវបានគេរាយការណ៍ថា បានសុំទោសទៅកាន់សាសនាខាងលើ ដោយបញ្ជាក់ថា មិនមានបំណងចង់បានប្រាក់ត្រឡប់មកវិញទេ។

សូមជម្រាបថា ក្រោយបញ្ចប់ការវាយតម្លៃផ្លូវចិត្តរបស់ជនជាប់ចោទ Yamagami កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះ ព្រះរាជអាជ្ញាបានសន្និដ្ឋានថា Yamagami មានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ ខណៈជនជាប់ចោទរូបនេះ មិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយទេ។ យ៉ាងណាម៉ិញ ជនជាប់ចោទបានលើកឡើងថា ខ្លួនគ្រាន់តែចង់ចូលរៀនថ្នាក់មហាវិទ្យាល័យ នៅពេលដែលបានចាកចេញពីពន្ធនាគារ៕

ប្រភព៖ NHK

Share.