បុរសជនជាតិ អ៊ូហ្គង់ដា ម្នាក់បានរត់ចោលប្រពន្ធរបស់ខ្លួន ក្រោយប្រពន្ធទើបតែសម្រាលបានកូនភ្លោះលើកទី៥ នេះបើយោងតាមការឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មាន Ceebla Cuud។

ការមានផ្ទៃពោះ គឺជាពរជ័យដ៏អស្ចារ្យ បុគ្គលខ្លះរីករាយជាមួយនឹងអំណោយពីព្រះជាម្ចាស់ ខណៈបុគ្គលខ្លះទៀតបានបោះបង់ មិនចង់ក្លាយជាម្ដាយឪពុកគេទៅវិញ។

អ្នកស្រី Nalongo Gloria បានរស់នៅបង្កើតគ្រួសារជាមួយលោក Ssalongo ជាជនជាតិ អ៊ូហ្គង់ដា ហើយបានមានកូនជាមួយគ្នាជាហូរហែរ ដោយនាងធ្លាប់មានកូនចំនួន ៥លើករួចមកហើយ ប៉ុន្ដែកូនទាំងនោះសុទ្ធតែជាកូនភ្លោះ ដោយសាតែមិនដែលប្រើវិធីពន្យាកំណើត។

នៅពេលនាង Nalongo សម្រាលបានកូនទី៩ និង កូនទី១០ ប្ដីរបស់នាងបានចាកចេញពីនាង និងកូនៗ ដោយសារតែប្ដីរបស់នាងមានអារម្មណ៍ថា មិនអាចផ្គត់ផ្គង់គ្រួសារនេះបន្ដទៀតបាន។

ប្ដីរបស់នាងធ្លាប់បានឲ្យនាងត្រឡប់ទៅស្រុកកំណើតវិញ នៅពេលដែលនាងមានផ្ទៃពោះម្ដងទៀត ដោយប្ដីរបស់នាងបាននិយាយថា មានកូនច្រើនពេក ប៉ុន្ដែនាងមិនដឹងថាត្រូវទៅទីណាទេ ចាប់តាំងពីនាងបានបាត់បង់ទំនាក់ទំនងជាមួយគ្រួសារ ហើយបានធ្វើដំណើរទៅកាន់រដ្ឋធានី Kampala ដើម្បីធ្វើការជាស្រ្តីមេផ្ទះបែបនេះ។

យ៉ាងណាម៉ិញ នាង Nalongo មិនមានការសោកស្ដាយចំពោះការមានកូនច្រើននោះទេ។ នាងបាននិយាយថា «ទោះបីជាខ្ញុំដឹងថា ឪពុករបស់ពួកគេមិនចូលចិត្តពួកគេក៏ដោយ ក៏ខ្ញុំមិនអា​ចបោះបង់ពួកគេចោលដែរ។ ខ្ញុំនឹងមិនចាកចេញពីកូនរបស់ខ្ញុំឡើយ ទោះបីជាមានរឿងលំបាកយ៉ាងណាក៏ដោយ ខ្ញុំមានជំនឿថា ព្រះនឹងផ្គត់ផ្គង់ដល់ខ្ញុំ»។

សូមជម្រាបថា ចំនួនកុមារកំព្រានៅប្រទេស អ៊ូហ្គង់ដា បានចាប់ផ្ដើមកើនឡើងជាលទ្ធផលនៃសង្រ្គាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ ១៩៨១។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ កុមារបានបាត់បង់ឪពុកម្ដាយ និង សមាជិកគ្រួសារ ដោយសារតែអំពើហិង្សា និង ភាពក្រីក្រ។ ក្មេងប្រុសត្រូវបានបានក្រុមប្រយុទ្ធចាប់ពង្រត់ទៅធ្វើជាទាហានកុមារ៕

ប្រភព៖ Ceebla Cuud

Share.