មន្រ្តីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ នៅភាគកណ្ដាលរដ្ឋ Alabama កាលពីថ្ងៃ ព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ដោយសារព្យុះផ្គររន្ទះ និង ខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter នាថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ ២០២៣។

អ្នកនាំពាក្យរបស់ការិយាល័យតំបន់ Autauga បានបញ្ជាក់ប្រាប់ Reuters ថា មនុស្ស ៦នាក់បានស្លាប់ក្នុងព្យុះនេះ ប៉ុន្ដែមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ។

អភិបាលរដ្ឋ Alabama លោកស្រី Kay Lvey បានសរសេរនៅគណនី Twitter ថា «ខ្ញុំក្រៀមក្រំណាស់ដែលបានដឹងថា បងប្អូននៅរដ្ឋ Alabama ៦នាក់បានបាត់បង់ជីវិត ដោយសារព្យុះដ៏កំណាចបោកបក់ពាសពេញតំបន់របសយើង។»

លោកស្រី Kay Lvey បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងតំបន់ចំនួន៦ ដែលរងគ្រោះខ្លាំងជាងគេមានដូចជា អូថាហ្គា (Autauga) , ឆាមបឺ (Chambers) , ឃូសា (Coosa) , ដាឡាស់ (Dallas) , អែលម័រ (Elmor) និង តាឡាពូសា (Tallapoosa)។

ខ្យល់បក់ខ្លាំង និង ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះសម្បែង និង ផ្ដាច់ចរន្ដអគ្គិសនី ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងផ្នែកខ្លះនៃរដ្ឋ ចចជៀ (Georgia) , មីសស៊ីស៊ីបពី (Mississippi) និង អាឡាបាម៉ា (Alabama)។

ចំណែកជើងហោះហើរជាង២៥០ នៃអាកាសយានដ្ឋានអន្តរជាតិ Hartsfield Jackson Atlanta និង អាកាសយានដ្ឋានអន្តរជាតិ Charlotte Douglas ត្រូវបានលុបចោល ឬ ពន្យាពេល៕

ប្រភព៖ Reuters

Share.