កណ្តាល៖សំណុំរឿងឃាតកម្មដែលល្បីកក្រើកតាមបណ្តាញសង្គមក៏ដូចជាបណ្តាញផ្សព្វផ្សាយនានាននោះ ពេលនេះសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យហើយ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺជនសង្ស័យគឺជាប្រពន្ធរបស់ជនរងគ្រោះ។

ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់នារីជាប្រពន្ធរបស់ជនរងគ្រោះ៖

ស្ត្រីជាជនសង្ស័យដែលមានឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាព ថា៖ ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលបុរសឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លា (មួយពាន់ដុល្លារ អាមេរិក)។ ស្ត្រីរូបនេះបានបន្តថា ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅ ជា មកពួននៅ ក្នុងផ្ទះរបស់ខ្លួន។ លុះដល់ម៉ោង ០០:២០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួន បានបើកទ្វារបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅ ជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តី។ ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ។ បន្ទាប់មកឈ្មោះ ធួក រ៉ាវី បាន ហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអី ខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅ នីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើកសពជនរងគ្រោះ។ ក្រោយពី លើក ដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួច ខ្លួននិងឈ្មោះ ធួក រ៉ាវី បើកឡាន ត្រលប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់ តែមិនដឹងទៅណាទេ។ ហើយចំណែកប្រាក់ចំនួន ១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំ បានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ ។

ចំណែកឈ្មោះ ធួក រ៉ាវី ហៅជា បានឆ្លើយសារភាពថា៖ ឈ្មោះ សាន់ ធីតា ភេទស្រី បាន ជួលខ្លួនឲ្យសម្លាប់ឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ (ប្តីរបស់ឈ្មោះសាន់ ធីតា) ក្នុងតម្លៃ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី ឈ្មោះ សាន់ ធីតា ភេទស្រី បានវេលុយតាម Wing ចូលលេខទូរស័ព្ទរបស់ខ្លួនគឺលេខ ០៩៦ ៧៨ ៩៦ ២៨៥ ចំនួន ៧ម៉ឺនរៀល។ ក្រោយពី ដកលុយបានហើយ ខ្លួនក៏បានជិះម៉ូតូឌុបពីខណ្ឌដង្កោ មកជួបឈ្មោះ សាន់ ធីតា ភេទស្រី នៅរង្វង់មូលព្រះនរាយណ៍រួចបាន ទិញខ្សែភ្លើងតាមផ្លូវចំនួន ១០ម៉ែត្រ។ លុះពេល មកដល់ រង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឈ្មោះ សាន់ ធីតា ភេទស្រី បានជិះរថយន្តមួយគ្រឿង Toyota Camry ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ 2BP-1150 មក យកខ្លួន ឲ្យទៅពួន នៅក្នុងផ្ទះរបស់គាត់ដើម្បីត្រៀមសម្លាប់ប្តីរបស់គាត់។ ពេលចូលទៅ ដល់ ក្នុងផ្ទះរបស់ឈ្មោះ សាន់ ធីតា ភេទស្រី ខ្លួនក៏បានយកចម្រឹងដែក (ដែកឆ័ត្រ) យកមក តជាមួយនឹងខ្សែភ្លើងទុកសម្រាប់ឆក់ឈ្មោះ ខឹម ផល្លី ។ លុះដល់ម៉ោង២៣:៤៥នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ សាន់ ធីតា បានបើកទ្វាបន្ទប់របស់គាត់ ដើម្បីឲ្យខ្លួនចូលទៅធ្វើ សកម្មភាពសម្លាប់ឈ្មោះ ខឹម ផល្លី (ប្តីរបស់ឈ្មោះ សាន់ ធីតា)។ ពេលនោះឈ្មោះ សាន់ ធីតា បានយកខ្សែភ្លើងទៅដោតនៅព្រីភ្លើង រួចខ្លួនក៏បានយកខ្សែភ្លើងទៅឆក់ឈ្មោះ ខឹម ផល្លី ភេទប្រុស ដោយឆក់ក្រោមក្លៀកខាងស្តាំ ភ្លាមនោះក៏បានយកដែកសម្រាប់លើក អាំងទែ វាយចំបំពង់កចំនួន ០៣ដង និង ក្បាលផ្នែកខាងក្រោយ ០១ដង បន្ទាប់មក ខ្លួនដែលជនដៃដល់ក៏បានយកហ្វ្រាំងកង់ប្រវែងប្រហែល០.៨ម៉ែត្រ រឹត.ក ឈ្មោះ ខឹម ផល្លី បន្ថែមរហូតដាច់ខ្យល់ស្លាប់ រួចបានយកក្រម៉ា ចងដៃចងជើងឈ្មោះ ខឹម ផល្លី ចងភ្ជាប់គ្នា បន្ទាប់មកឈ្មោះ សាន់ ធីតា បានយកភួយ និងកម្រាលពូកដើម្បីរុំសពប្តីរបស់គាត់ ញាត់ ចូលក្នុងកាបូបយូពណ៌ក្រហមសមានក្រឡាពងជីងចកក្រហមខ្មៅ ។ ពេលច្រករួចខ្លួន និងឈ្មោះ សាន់ ធីតា បានយកសពឈ្មោះ ខឹម ផល្លី ដាក់ចូលក្នុងឡានកៅអីផ្នែក ខាងក្រោយ ប៉ុន្តែពេលលើកដាក់ចូលឡានមិនរួច ភ្លាមនោះ ឈ្មោះ សាន់ ធីតា បានហៅ ឈ្មោះ ផាន ភ័ក្ត្រា ភេទស្រី ឲ្យមកជួយលើក។ បន្ទាប់មកខ្លួននិងឈ្មោះ សាន់ ធីតា បាន បើកឡានដឹកសពឈ្មោះ ខឹម ផល្លី មកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនោះឈ្មោះ សាន់ ធីតា បានហុច កាបូបស្ពាយ ពណ៌ខ្មៅ មកឲ្យខ្លួនបោះចោលក្បែរសាកសព។ ប៉ុន្តែខ្លួន មិនដឹងថា នៅក្នុងកាបូបនោះ មានសម្ភារៈអ្វីខ្លះនោះទេ។ រួចខ្លួននិងឈ្មោះ សាន់ ធីតា ក៏បានបើក រថយន្តត្រឡប់មកផ្ទះរបស់ឈ្មោះ សាន់ ធីតា វិញ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលមកដល់ឈ្មោះ សាន់ ធីតា បានឲ្យប្រាក់មកខ្លួន ចំនួន ៥ម៉ឺនរៀល និងឲ្យខ្លួនជិះម៉ូតូប្តីរបស់គាត់ម៉ាក Honda PCX ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1IW-9363 ដើម្បីជិះគេចខ្លួន ចំណែកឯប្រាក់ថ្លៃឈ្នួលចំនួន ១,០០០ដុល្លារ ឈ្មោះ សាន់ ធីតា មិនទាន់បានប្រគល់ឲ្យនោះទេ។ ពេលនោះខ្លួនក៏បានជិះម៉ូតូខាងលើ យកទៅលាក់ទុកនៅវាលស្រែ ស្ថិតក្នុងភូមិតបបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទ៖តាខ្មៅ

Share.