យ៉ាងហោចណាស់មនុស្ស ៦៨នាក់បានស្លាប់ ដោយសារតែជើងហោះហើរក្នុងស្រុករបស់អាកាសចរណ៍ Yeti Airline បានហោះចេញពីទីក្រុង Kathmandu ហើយធ្លាក់ និង ឆេះ នៅទីក្រុងទេសចរណ៍ Pokhara ក្នុងប្រទេស នេប៉ាល់ កាលពីថ្ងៃ អាទិត្យ ដែលជាហេតុការណ៍ធ្លាក់យន្ដហោះដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ទសវត្សរ៍នៅក្នុងប្រទេសតូចមួយនៃភ្នំហិមាល័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាយប់ថ្ងៃ អាទិត្យ ទី ១៥ ខែ មករា ឆ្នាំ ២០២៣។

យ៉ាងណាម៉ិញ ក្រុមអ្នកជួយសង្រ្គោះនឹងបន្ដស្វែងរកអ្នកដទៃទៀតដែលបានរួមដំណើរក្នុងយន្ដហោះនេះនៅថ្ងៃ ច័ន្ទ បន្ដទៀត ខណៈក្រុមមន្រ្តីមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យយន្ដហោះដែលផ្ទុកអ្នកដំណើរសរុប ៧២នាក់នេះ ធ្លាក់នៅឡើយទេ។

ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីនេប៉ាល់បានប្រកាសយកថ្ងៃ​ ច័ន្ទ នេះ ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិ ហើយរដ្ឋាភិបាលបានបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្ដរាយនេះផងដែរ។

ឧបទ្ទវហេតុនេះ គឺជាការធ្លាក់យន្ដហោះដ៏សាហាវបំផុតរបស់ប្រទេស​ នេប៉ាល់ ចាប់តាំងពីឆ្នាំ១៩៩២មក បណ្ដាញសុវត្ថិភាពអាកាសចរណ៍បានបង្ហាញថា នៅពេលយន្ដហោះ Airbus A300 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់លើភ្នំមួយនៅពេលចូលទៅជិតទីក្រុង Kathmandu ដោយបានសម្លាប់មនុស្ស ១៦៧នាក់ នៅលើយន្ដហោះ។

យ៉ាងណាម៉ិញ ឧបទ្ទវហេតុអាកាសចរណ៍នេះ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេស នេប៉ាល់ ដោយសារតែប្រទេសនេះ សម្បូរទៅដោយភ្នំ ហើយមានទីតាំងពិបាកធ្វើដំណើរបំផុត ស្របពេលដែលប្រទេសនេះ កង្វះខាតលើការវិនិយោគលើយន្ដហោះថ្មីៗ និង បទប្បញ្ញត្តិមិនល្អ ទើបបណ្ដាលឲ្យប្រទេសនេះឧស្សាហ៍ជួបប្រទះនូវគ្រោះថ្នាក់បែបនេះកើតឡើង៕

ប្រភព៖ Reuters

Share.