ក្នុងចំណោមលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ជាតិមាតុភូមិ ក្នុងទំនាក់ទំនងជាមួយប្រទេសដែនកោះ ម៉ាល់ឌីវ សម្ដេចតេជោ ហ៊ុន សែន បានឈានទៅព្រមព្រៀងគ្នាជាមួយប្រធានាធិបតីម៉ាល់ឌីវ លើកលែងទិដ្ឋាការរវាងប្រទេសពីរ។ ថ្លែងក្នុងសន្និសីទកាសែតជាមួយសម្ដេចតេជោដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវនោះ ឯកឧត្តម អ៊ីប្រហ៊ីម ម៉ូហាមេដសូលី ប្រធានាធិបតី ម៉ាល់ឌីវ មានប្រសាសន៍ថា «ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល៣០ថ្ងៃ»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្ដេច និងប្រធានាធិបតីម៉ាល់ឌីវ បានយកចិត្តទុកដាក់ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយមិនគ្រាន់តែដើម្បីប្រជាជនប្រទេសទាំងពីរធ្វើដំណើរទៅមកនោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់លើអ្នកទេសចរណ៍ផ្សេងទៀតដែលអាចមកទស្សនាប្រាសាទនៅកម្ពុជា ហើយទៅងូតទឹកលំហែរកាយនៅសមុទ្រម៉ាល់ឌីវ ឬចេញពីម៉ាល់ឌីវបន្តមកទស្សនាប្រទេសកម្ពុជា។

កម្ពុជា និងម៉ាល់ឌី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៨ឆ្នាំហើយ។ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីកម្ពុជាក្នុងទំនាក់ទំនងជាមួយភាគីម៉ាល់ឌីវ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថាកម្ពុជាបានសម្រេចចិត្តជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រព្រះសីហនុ ដោយដាក់ឈ្មោះថា«ផ្លូវមិត្តភាពកម្ពុជា ម៉ាល់ឌីវ» ដែលជាការបង្ហាញអំពីប្រវត្តិសាស្រ្តនៃទំនាក់ទំនងកម្ពុជាម៉ាល់ឌីវ។

នៅមុនជំនួបជាមួយឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ សម្ដេចតេជោ និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញសម្រាកលំហែរកាយ និងងូតទឹកសមុទ្រម៉ាល់ឌីវដែរ។ សម្ដេចបានង្ហោះរូបភាពអមដោយខ្លឹមសារថា«ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃ និងទឹកសាប»។ សម្ដេចក៏បានជម្រាបទៅកាន់ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវដែរថាក្រោយសម្ដេចបង្ហោះរូបភាពនេះទៅ ឃើញមានការចូលបញ្ចេញមតិសរសើរយ៉ាងច្រើនអនេក។

សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោបានិងកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រសួងការបរទេសកម្ពុជាបានប្រកាសថាដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

Share.