ភ្នំពេញ ៖ ស្ថានភាពទឹកជំនន់ខែប្រាំង បង្កឲ្យរងប៉ះពាល់ជន់លិចតំបន់មួយចំនួនភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ តំបន់មួយចំនួនក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល ត្រូវបានទឹកភ្លៀងហូរចាក់តាមសណ្តរស្ទឹងព្រែកត្នោត ជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ សាលារៀន ច្បារដំណាំ អស់រយៈពេល ៣ ថ្ងៃមកហើយ ក៏ប៉ុន្តែគិតមកដល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកបានស្រកចុះ០,២០ម៉ែត្រ (២តឹក) ។

បើតាមព៌មានពីបងប្អូនប្រជាពលរដ្ឋ រស់នៅតំតំបន់ជ្រោយឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តំបន់ភ្នំឱរ៉ាល់ បានរាំងភ្លៀង៣ថ្ងៃមកហើយ ទឹកនៅក្នុងអាងទំនប់រលាំងជ្រៃ ស្រុកថ្ពង អាងទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ស្រកវិញហើយ ដោយសារពុំមានភ្លៀងធ្លាក់ ។

កាលបើទឹកក្នុងអាងទាំង២ ចាប់ផ្តើមស្រក ធ្វើឲ្យទឹកក្នុងទឹកតាសាល ស្ទឹងព្រែកត្នោត ស្រកចុះជាបន្តបន្ទាប់ រហូតដល់ផ្នែកខាងក្រោម ឆ្ពោះទៅទន្លេ ស្រកដូចគ្នា ។ ចំណែកឯ ស្ថានភាពទឹក ហូរចុះពីទ្វារទឹករលាំងជ្រៃ តាមដងស្ទឹងក្រាំងពន្លៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ផ្តើមស្រកដូចគ្នា៕

អត្ថបទ៖តាតុង សែនជ័យ

Share.