ថ្លែងក្នុងសន្និសីទកាសែតជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ីប្រហ៊ីម ម៉ូហាមេដសូលី ប្រធានាធិបតី ម៉ាល់ឌីវ មានប្រសាសន៍អំពីគោលបំណងម៉ាល់ឌីវកែលម្អរទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាថា«កម្ពុជា ជាប្រទេសនាំចេញអង្ករធំ និងឈានមុខនាំចេញអង្ករមានគុណភាពកម្រិតពិភពលោកនោះ យើងបានពិភាក្សាអំពីឱកាសបន្ថែមសម្រាប់ការនាំចូលមកម៉ាឌីវដើម្បីច្បាមយកឱកាសទីផ្សារអង្ករកម្ពុជា និងផលិតផលកសិកម្មផ្សេងទៀតដូចជាពោត ដំឡូងមី ម្រេច និងផ្លែឈើផ្សេងៗ ដូចជាសម្លៀកបំពាក់ ផលិតផលឈើ»។

ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ បានគូសបញ្ជាក់ថាក្នុងជំនួបជាមួយសម្ដេចតេជោដដែល ក៏បានពិភាក្សាអំពីការពិចារណានាំចូលត្រីខធូណាកំប៉ុង និងត្រីសមុទ្រពីម៉ាល់ឌីវទៅកាន់ប្រទេសកម្ពុជា ដោយបានបន្ថែមថា«ការធ្វើពិពិធកម្មនៃការនាំចូលរបស់យើងដើម្បីធ្វើឱ្យទំហំទីផ្សារកើនឡើង មិនត្រឹមតែធ្វើឱ្យថ្លៃទំនិញសំខាន់នោះថយចុះប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងនូវសន្តិសុខស្បៀងរបស់យើង និងផ្ដល់ជម្រើសបន្ថែមទៀតដល់អ្នកប្រើប្រាស់របស់យើង»។ ឯកឧត្តមបន្តទស្សនកិច្ចនេះ នឹងនាំឱ្យមានកែលម្អរដូចគ្នាដល់វិស័យធុរកិច្ច។

ឆ្លើយតបទៅនឹងការលើកឡើងពីឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ សម្ដេចតេជោបានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធភាពពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដោយអះអាងថាកម្ពុជាមានទំនិញនាំទៅកាន់ម៉ាល់ឌីវរួមទាំងអង្ករ និងផលិតផលកសិកម្ម ដែលមិនត្រឹមតែសម្រាប់ប្រជាជនម៉ាល់ឌីវនោះទេ ប៉ុន្តែសម្រាប់វិស័យទេសចរណ៍ដែលមកទស្សនកិច្ចម៉ាល់ឌីវផងដែរ។ សម្ដេចបន្តថា«អង្ករកម្ពុជាស្ថិតក្នុងប្រភេទជាអង្ករជាប់លេខ១លើពិភពលោកចំនួន៥ដង ហើយឥលូវបន្តស្ថិតក្នុងចំណាត់ថ្នាក់លេខ១នៅឡើយ»។

សម្ដេចសង្ឃឹមថាអង្ករកម្ពុជានឹងទទួលបានការពេញនិយមទាំងសម្រាប់ប្រជាជនម៉ាល់ឌីវ និងទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវផង។ សម្ដេចបន្ថែមថា«ស្វាយចន្ទី ស្វាយ ចេក ឬក៏ផ្នែកដទៃទៀតដែលអាចបម្រើ​ឱ្យវិស័យទេសចរណ៍ដែលគេមកទទួលទាននៅម៉ាល់ឌីវ អាចនាំចេញពីកម្ពុជា ក្រៅពីនេះនៅមានសម្លៀកបំពាក់ យើងជាប្រទេសផលិតសម្លៀកបំពាក់ ហើយម៉ាល់ឌីវអាចនឹងបញ្ជាទិញ ត្រឡប់ទៅវិញត្រីខកំប៉ុងម៉ាល់ឌីវមានលទ្ធភាពច្រើនជាងគេក្នុងការនាំទៅកម្ពុជាមុនគេ»។

ភ្ជាប់ទៅនឹងសក្ដានុពលត្រីខកំប៉ុង សម្ដេចបានគូសបញ្ជាក់ក្នុងសន្និសីទកាសែតថាគ្រាន់តែប៉ុន្មានខែមុននេះ សម្ដេចបានបញ្ជាឱ្យប្រើប្រាស់ត្រីខកំប៉ុងប្រមាណ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចបន្តថាត្រីខកំប៉ុងងាយស្រួលចែកជូនដល់ប្រជាពលរដ្ឋ និងថា«គោលដៅនៃការនាំចេញទំនិញដំបូងចូលកម្ពុជា គឺប្រហែលជាចាប់ផ្ដើមពីត្រីខកំប៉ុងដែលផលិតនៅប្រទេសម៉ាល់ឌីវ ជាផលិតផលម៉ាល់ឌីវតែម្ដង យើងក៏មានទេសចរណ៍ ដូច្នេះក៏អាចសម្រាប់ប្រជាជនកម្ពុជា និងទេសចរណ៍ផងដែរ»។

កម្ពុជា និងម៉ាល់ឌី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៨ឆ្នាំហើយ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលការចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោបានិងកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្រសួងការបរទេសកម្ពុជាបានប្រកាសថាដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

Share.