ភ្នំពេញ ៖ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណៈបក្សភ្លើងទៀន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ពន្ធករណី”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ពោលគឺចាយសែកស្អុយចំនួន៥ សន្លឹក ដោយគ្មានសាច់ប្រាក់ ។

យោងតាមដីកាបង្គាប់ឲ្យនាំខ្លួន លោក ថាច់ សេដ្ឋា ភេទប្រុស អាយុ៧០ ឆ្នាំ មុខរបរ មន្ត្រីពាណិជ្ជកម្មរាជធានីភ្នំពេញ គ្រូបង្រៀន ចាងហ្វាងកាសែតស្មារតីខ្មែរ និងតួនាទីក្នុងនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន ទីកន្លែងកំណើត ភូមិអញ្ចាញ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ១០៦ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ថាច់ សេដ្ឋា ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

សូមបញ្ជាក់ថា ជនត្រូវចោទត្រូវបានកម្លាំង សមត្តកិច្ចនគរបាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅ ម្តុំ វត្ត សំរោង អណ្តែត ក្នុង សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ កាលពីវេលា ម៉ោង ប្រមាណ ៥ និង ៤០ ល្ងាច ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២៣ តាម ដីកា បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ពេលឃាត់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងសមត្តកិច្ចបញ្ជូន ខ្លួន ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ ភ្លាមៗ ដោយបានប្រគល់ជូនចៅក្រមស៊ើបសួរ បើកការស៊ើបសួរតាមនីតិវិធី និងក្រោយពីសាកសួរ ចៅក្រមសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។ លោក ថាច់ សេដ្ឋា ត្រូវបាន ក្រុមហ៊ុន រិន ឆាយ ផនសប ប្តឹង ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥ សន្លឹក) ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ ឈ១ ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី ។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២ ០២៣ ៕

អត្ថបទ៖ចតុមុខ

Share.