នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Matesuz Morawiecki បានអះអាងកាលពីថ្ងៃ ច័ន្ទ ថា ការបរាជ័យរបស់អ៊ុយក្រែនអាចនាំឲ្យមានសង្រ្គាមលោកលើកទី៣ មានន័យថា អាល្លឺម៉ង់ និង ប្រទេសសមាជិកណាតូផ្សេងទៀត ត្រូវតែបង្កើន និង បញ្ជូនអាវុធបន្ថែមទៀតដល់ទីក្រុង Kyiv។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ អង្គារ ទី ១៧ ខែ មករា ឆ្នាំ ២០២៣។

នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Matesuz Morawiecki

ថ្លែងនៅទីក្រុង ប៊ែរឡាំង ក្នុងពិធីអបអរសាទរអាជីពរយៈពេល ៥០ឆ្នាំ របស់អ្នកនយោបាយអាល្លឺម៉ង់ Wolfgang Schauble លោក Morawiecki បានទទូចថា ប្រទេសអាល្លឺម៉ង់ ត្រូវតែអនុញ្ញាតឲ្យមានការប្រគល់រថក្រោះធុន Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែន។

ទន្ទឹមនោះ ប្រទេសប៉ូឡូញ និង ហ្វាំងឡង់ បានសន្យាជាមួយទីក្រុង កៀវ ថាផ្ដល់រថក្រោះឲ្យ ប៉ុន្ដែត្រូវការការអនុញ្ញាតជាផ្លូវការពីអាល្លឺម៉ង់ ដើម្បីប្រគល់ទៅបាន។

លោក Morawiecki អះអាងថា «សព្វថ្ងៃ អ៊ុយក្រែនកំពុងប្រយុទ្ធ មិនមែនត្រឹមតែដើម្បីសេរីភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារអឺរ៉ុបផងដែរ។ ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ប្រគល់សញ្វវុធគ្រប់ប្រភេទទៅឲ្យអ៊ុយក្រែន»។

លោកបន្ថែមថា «ការបរាជ័យរបស់អ៊ុយក្រែនអាចក្លាយជាការនាំមុខនៃសង្រ្គាមលោកលើកទី៣ ដូច្នេះថ្ងៃនេះ មិនមានហេតុផលណាមួយដើម្បីរារាំងការគាំទ្រសម្រាប់ទីក្រុង កៀវ និង ពន្យាពេលបញ្ហានោះទេ»។

កាលពីសប្ដាហ៍មុន រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនកំពុងបង្ហូរឈាម ដើម្បីអនុវត្តបេសកកម្មរបស់អង្គការណាតូ ដូច្នេះប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក គួរតែផ្គត់ផ្គង់អាវុធដល់ប្រទេសនេះ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធរបស់អាល្លឺម៉ង់ លោក Armin Papperger បានឲ្យដឹងក្នុងបទសម្ភាស៍មួយកាលពីចុងសប្ដាហ៍ថា អាល្លឺម៉ង់ មានរថក្រោះ Leopard ប្រហែល១១០គ្រឿង ដែលអាចប្រគល់ទៅឲ្យអ៊ុយក្រែន ប៉ុន្តែការរៀបចំឲ្យរថក្រោះទាំងនោះចូលបម្រើការបានល្អប្រសើរ នឹងត្រូវចំណាយប្រាក់អស់រាប់រយលានអឺរ៉ូ ហើយត្រូវចំណាយពេលប្រហែលមួយឆ្នាំ។

យ៉ាងណាម៉ិញ ទីក្រុង ម៉ូស្គូ បានព្រមានលោកខាងលិចម្ដងហើយម្ដងទៀតថា ការបញ្ជូនអាវុធទៅកាន់ទីក្រុង កៀវ គឺជាការពន្យាពេលសង្រ្គាម ដែលនឹងមិនផ្លាស់ប្ដូរលទ្ធផលរបស់វាឡើយ៕

ប្រភព៖ RT

Share.