ភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់ ត្រូវបានសាច់ញាតិ រួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងកម្មករតែម្នាក់ឯង បន្ទាប់ពីមិនឃើញងើបទៅធ្វើការងារ ក៏នាំគ្នាដើរទៅដាស់ហៅ ប្រះឃើញដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅក្នុងរោងកម្មករ ដីឡូត៍មួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ នើក ស្រ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅរោងកម្មករ កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងទា ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះមានប្រពន្ធឈ្មោះ អៀន ស្រីម៉ាច អាយុ៣៨ឆ្នាំ មុខរបរកសិករ មានកូន២នាក់ ប្រុស១នាក់ បួសជាព្រះសង្ឃ ស្រី១នាក់ រស់នៅឯស្រុកកំណើត ។

តាមសម្តីបុរសឈ្មោះ ឌុក សុធា អាយុ១៩ឆ្នាំ មុខរបរ កម្មករជាមួយគ្នា ស្នាក់នៅរោងកម្មករ ក្បែរនោះ មានស្រុកកំណើតភូមិជម្ពូ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជារៀងរាល់ព្រឹក ជនរងគ្រោះតែងតែងើបដើរទៅជិះម៉ូតូជាមួយឆ្ពោះទៅកន្លែងការងារ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុនេះ មិនឃើញឃនរងគ្រោះងើបទៅហៅរក ដូចសព្វដង ចាំយូរពេក ក៏ដើរទៅរកហៅជនរងគ្រោះវិញ ឃើញទ្វារបិទជិត រួចហៅសាច់ញាតិ បងប្អូនរបស់ជនរងគ្រោះ នៅក្បែរនោះដែរ ឲ្យជួយទៅហៅ រុញទ្វារអើតមើល ស្រាប់តែប្រទះឃើញ ដេកស្លាប់ រឹងស្តូក ។

ក្រោយពីដឹងថាជនរងគ្រោះដេកស្លាប់ សាច់ញាតិ ក្រុមគ្រួសារ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.