ភ្នំពេញ៖បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗក្រោយរថយន្ដមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានបើកបុកពីក្រោយរួចកិនពីលើ បណ្ដាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្ដបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនិងសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរី០១៦ ពាក់ស្លាកលេខភ្នំពេញ 1FN-6958 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅ ក្នុងទិសដៅពីកើតទៅលិច។លុះធ្វើដំណើរមកដល់ក្រោមស្ពានអាកាសចោមចៅ ក៏ត្រូវរថយន្ដមួយគ្រឿងដែលគេមិនចាំម៉ាកនិងស្លាកលេខ បើកមកបុកពីក្រោយពេញទំហឹងបណ្ដាលអោយម៉ូតូដួលបោកនឹងថ្នល់ រួចរថយន្ដកិនពីលើបណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្ដបង្កបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនិងសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។
សពជនរងគ្រោះមានឈ្មោះ ថុល សុធា ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាមន្រ្តីសាលាខណ្ឌកំបូល បច្ចុប្បន្នស្នាក់នៅក្នុងខណ្ឌកំបូល។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯម៉ូតូយកទៅរក្សាទុកដើម្បីរង់ចាំស្វែងរករថយន្ដបង្កមកស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ត្រយងតូច

Share.