សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ។ ពិធីសម្ពោធបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថាអគារថ្មីនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា មានផ្ទៃក្រឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃសរុបប្រមាណ៧ប៊ីលាន ១៩៨លានរៀល ជាថវិកាបានមកពីមូលនិធិអភិរក្សឆ្នាំ២០១៨នៃអាជ្ញាធរជាតិអប្សរា។

នៅទីតាំងនេះរួមមានអគារថ្នាក់ដឹកនាំ សាលាប្រជុំ បន្ទប់ស្នាក់នៅប្រធានអង្គភាព អគារអនុប្រធានអង្គភាពនិងផ្នែកព្រហ្មទណ្ឌ អគារសុខាភិបាលនិងវិទ្យុ អគារស្នាក់នៅកងកម្លាំងអន្តរាគមន៍ អគារផ្ទះបាយ ជម្រកកម្លាំងត្រៀម រោងចំណតម៉ូតូ រោងចំណតរថយន្តអគ្គិភ័យ ប៉ុស្តិ៍យាម ដងទង់ជាតិ ចំណតរថយន្តតូច ទីលានកីឡា ស្រះទឹក និងអង់តែនវិទ្យុទាក់ទង។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី មានប្រសាសន៍ថាអគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌនេះពិតជារៀបចំបានស្អាតតាមរចនាបទប្លង់ស្ថាបត្យកម្មខ្មែរសាមញ្ញ ប៉ុន្តែបានបង្កប់នូវភាពថ្លៃថ្នូរ សក្ដិសមជាសមិទ្ធផលថ្មី និងជួយបង្កើនសោភ័ណ្ឌភាពរមណីយដ្ឋាននិងភាពថ្លៃថ្នូរព្រមទាំងផាសុខភាពជូនកងកម្លាំងនគរបាលការពារបេតិកភណ្ឌ។

សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្រ្តីរាជការ និងថ្នាក់ដឹកនាំទាំងអស់នៃអាជ្ញាធរជាតិអប្សរាក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងបានកោតសរសើរអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាការពារបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់អំណោយម៉ូតូ និងកង់សេរីទំនើប ជូនមន្រ្តីនគរបាលការពារបេតិកភណ្ឌ សម្រាប់ប្រើប្រាស់ល្បាតស្វែងរកបទល្មើសផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការល្បាតនេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យចល័តយាមល្បាត ពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូលតំបន់ហាមឃាត់ជាអាទិភាពនានាចំពោះបុគ្គលិកទាំងឡាយណាដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

សម្ដេចក៏បានផ្ដល់អនុសាសសន៍អង្គភាពនគរបាលបេតិកភណ្ឌបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា៕

Share.