ក្នុងពិធីសម្ពោធទីតាំងនិងអគារថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌស្ថិតនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ត្រូវបានទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំនគរបាលជាតិ ហើយក្នុងណោមនោះ ក៏មានឧត្តមសេនីយ៍ដុះពោះធំម្នាក់ដែរ។ ដោយសារតែក្បាលពោះធំធ្លាក់លុបក្បាលខ្សែក្រវ៉ាត់ ឧត្តមសេនីយ៍នោះបានទាក់ទាញការចាប់អាម្មណ៍ពីសម្ដេចក្រឡាហោម ស ខេង។

ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់វេទិកាគណៈអធិបតី សម្ដេច ស ខេង បានផ្អាកដំណើរភ្លាមនៅពេលឃើញឧត្តមសេនីយ៍ពោះធំរូបនេះឈរគំនាប់តាមរបៀបនរបាលគោរពថ្នាក់ដឹកនាំ។ តាមរយៈរូបភាពដែលក្រុមការងារត្រយងទទួលបាន សម្ដេច ស ខេង បានយកដៃចង្អុល ហើយទះក្បាលពោះឧត្តមសេនីយ៍នោះ ដោយការវិការរបៀបលេងសើចនិងណែនាំផង ខណៈនគរបាលរូបនះក៏បានបង្ហាញកាយវិកាស្ដាប់ការណែនាំពីសម្ដេច។

សូមបញ្ជាក់ថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ក៏ធ្លាប់ផ្ដល់អនុសាសន៍ណែនាំអង្គភាពកងកម្លាំងនគរបាលជាតិអប់រំណែនាំ និងពង្រឹងការហ្វឹកហាត់ដល់ជួរកងកម្លាំង ដើម្បីកាត់បន្ថយកងកម្លាំងដែលមានក្បាលពោះធំ និងពង្រឹងកាយសម្បទាឱ្យរឹងមាំ។ បើតាមសម្ដេច នគរបាលមានក្បាលពោះធំៗ នឹងជួបការលំបាកនៅពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើស ព្រមទាំងងាយនឹងប្រឈមមុខជំងឺផ្សេងៗដូចជាលើសឈាម និងអាស៊ីដជាដើម៕

Share.