ភ្នំពេញ ៖ យុវជនម្នាក់បន្ទាប់ពីវិលត្រឡប់មកពីផឹកសុី ស្រវឹងស្រា ដល់ផ្ទះចង់ផឹកបន្តទៀត តែអត់សាច់ក្លែម នឹកឃើញ ចាប់មេឆ្កែរបស់ខ្លួនដែលចិញ្ចឹមនៅផ្ទះរាល់ថ្ងៃ វាយសម្លាប់ធ្វើម្ហូប ស្រាប់តែឆ្កែខាំវិញ បណ្តាលឲ្យរងរបួសហូរឈាមកក្លាក់ ប្រកាច់បែកពពុះមាត់ ស្រែកលូ ដូចសត្វឆ្កែ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ ក្រុមគ្រួសារចាប់ចង ហើយ ហៅរថយន្តសង្គ្រោះជួយដឹកបញ្ជូនទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះសាក់ ផាន់ណារ៉ាភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិពុទ្រា សង្កាត់គោករកាខណ្ឌព្រែកព្នៅ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ស្រវឹងស្រា វាយសត្វឆ្កែ បែរជាឆ្កែខាំវិញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ហើយត្រូវបានអ្នកជិតខាង ក្រុមគ្រួសារវាយមេឆ្កែបណ្តាលឲ្យងាប់ ស្រាប់តែរយៈពេល ២ម៉ោងក្រោយ នៅវេលាម៉ោង១១យប់ថ្ងៃដដែល ជនរងគ្រោះបែរជាប្រកាច់បែកពពុះមាត់ ស្រែកលូដូចសត្វឆ្កែ បង្កឲ្យភ្ញាក់ផ្អើល ហៅរករថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តែម្តង ។

តែបើតាមប្រភពពីអ្នកភូមិ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញទៅផឹកសុី ស្រវឹងស្រា លុះមកដល់ផ្ទះវិញនៅវេលាម៉ោង៩យប់ ចង់ផឹកសុីបន្តនៅផ្ទះ តែអត់សាច់ក្លែម ក៏ហៅមេឆ្កែរបស់ខ្លួន មកវាយបំណងសម្លាប់ធ្វើម្ហូប តែបែរជាសត្វឆ្កែនោះខាំ បណ្តាលឲ្យរងរបួសមុតហូរឈាមកក្លាក់ ផ្អើលក្រុមគ្រួសារ អ្នកភូមិ នាំគ្នាវាយសម្លាប់សត្វឆ្កែងាប់បាត់ទៅ។ រីឯជនរងគ្រោះ របួសមុតហើយ ក៏មិនបានទៅពេទ្យភ្លាមដែរ ស្មានតែមិនអី ស្រាប់តែដល់វេលាម៉ោង ១១ យប់ថ្ងៃដដែល ជនរងគ្រោះកើតមានអាការៈ ស្រែកឡូឡា ស្រែកលូ ដូចសត្វឆ្កែ រត់ដេញខាំគេឯង ប្រកាច់បែកពពុះមាត់ ផ្អើលក្រុមគ្រួសារ អ្នកភូមិសារជាថ្មី នាំគ្នាជួយចាប់ចងយុវជនរូបនោះ រួចហៅរករថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ៖តាតុង សែនជ័យ

Share.