កណ្តាល៖ សមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ បន្ទាប់ពីជិះម៉ូតូដេញកាប់​ យុវជន៣នាក់ ចេញពីកម្មវិធីមង្គលការ ​កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៣:៣០នាទី នៅចំណុច ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទាំង០៣នាក់ ទី១.ឈ្មោះ ថា ផានិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកខ្មែរ ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ២.ឈ្មោះ ចំរេីន ដេវីត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ៣.ឈ្មោះ លន ខេមរ៉ា ហៅង៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង។ អ្នកទាំងពីរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ច ដកហូតបានវត្ថុតាង ៖ កាំបិតផ្គាក់ ០១ដើម , ដាវ ០១ដើម, ដំបងឬស្សី ០១ដើម។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីមង្គលការបងប្អូននៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ មកដល់ចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូតាមពីក្រោយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ខុម សុខមី បណ្ដាលឲ្យរបួសស្មាខាងឆ្វេង និងម្រាមដៃខាងឆ្វេង ថែមទាំងកាប់ម៉ូតូរបណ្តាលឲ្យបែកចង្កៀងខាងមុខ និងដាច់កន្ទុយម៉ូតូខាងក្រោយបន្ថែមទៀត។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយប្រជាការពារឃុំ បានចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនទាំង៣នាក់ រួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖​ចតុមុខ

Share.