សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់ភ្លើងខៀវឱ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យចំនួន២០០នាក់ សម្រាប់ផ្ដល់ឱ្យមន្ទីរពេទ្យជាតិតេជោសន្តិភាព។ បើតាមសម្ដេច ការបន្ថែមក្របខណ្ឌគ្រូពេទ្យសម្រាប់មន្ទីរពេទ្យថ្មីនេះ គឺដោយសារផ្អែកតាមការសិក្សាបច្ចេកទេស ចំនួនគ្រូពេទ្យជាង១៥០នាក់ដែលបានផ្ទេរចូលមកមន្ទីរពេទ្យនេះមិនទាន់អាចបំពេញតម្រូវការជាក់ស្ដែងបាននៅឡើយទេ។

ពីវេទិការអធិបតីនៃពិធីសំណេះសំណាល ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដំណើរការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាតាមការសិក្សាបញ្ជាក់ថាមន្ទីរពេទ្យនេះ មានតម្រូវការបុគ្គលិកសុខាភិបាលប្រមាណ១ ០០០នាក់ឯណោះ។ សម្ដេចបានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវរៀបចំការងារនេះឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងការផ្ដល់ក្របខណ្ឌបន្ថែម២០០នាក់ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសផ្ដល់មន្រ្តីជាប់កិច្ចសន្យាឱ្យមន្ទីរពេទ្យជាតិតេជោសន្តិភាពចំនួន៣០០នាក់ ដែលមានជំនាញដូចជាបើករថយន្ត អគ្គិសនី អនាម័យ និងថែទាំងសួនច្បារជាដើម។ សម្ដេចជោ ក៏បានបញ្ជាក់ដែរថា កម្មករ កម្មការិនីដែលកំពុងអនុវត្តដំណើរការសាងសង់មន្ទីរពេទ្យនេះស្រាប់អាចត្រូវបានផ្ដល់អាទិភាពឱ្យចូលធ្វើការជាបុគ្គលិកជាប់កិច្ចសន្យានៅមន្ទីរពេទ្យនេះតែម្ដង៕

Share.