«គេខ្លាចបំផុត គេខ្លាចអាបង្កើនថវិកាសម្រាប់វិស័យការពារជាតិ និងសន្តិសុខដែលវាចេះតែធំទៅៗ»។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីបានប្រកាសផ្ដល់ក្របខណ្ឌបន្ថែមដល់វិស័យសុខាភិបាលដែលសម្ដេចអះអាងថាជាតម្រូវការមួយដែលមានគោលដៅល្អជាងតម្រូវការដែលត្រូវឱ្យមានការចំណាយកើនឡើងក្នុងវិស័យសន្តិសុខ និងការពារជាតិ។

សម្ដេចបន្ថែមថាជាទូទៅ សង្គមដែលមានការជឿនលឿន គឺតម្រូវការកើនឡើងផ្នែកវិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល ជាសញ្ញាល្អ ដោយសម្ដេចបន្តថា«វាជាបញ្ហាល្អ ព្រោះវាទាក់ទងនឹងការវិនិយោគឱ្យមនុស្ស ការពារជីវិតមនុស្ស ថវិកាឆ្នាំ២០២៣គឺថវិកាបម្រើឱ្យមនុស្សតែម្ដង ហើយចាប់ពីពេលនេះតទៅ វិស័យអប់រំ និងវិស័យសុខាភិបាលគឺជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ»។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដំណើរការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ក្របខណ្ឌឱ្យក្រសួងសុខាភិបាលប្រឡងជ្រើសរើសគ្រូពេទ្យចំនួន២០០នាក់ បន្ថែមលើបុគ្គលិកដែលទើបផ្ទេរមកចំនួន១៥០នាក់ និងឱ្យជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា៣០០នាក់ដើម្បីបំពេញការងារនៅមន្ទីរពេទ្យថ្មីនេះ។ តាមផែនការមន្ទីរពេទ្យនេះ ត្រូវមានគ្រូពេទ្យយ៉ាងហោចណាស់១ ០០នាក់៕

Share.