ពីវេទិកានៃពីធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្ដីកង្វល់ចំពោះបញ្ហាប្រឈមដែលតែងតែកើតមានឡើងនៅអំឡុងពេលមានពិធីបុណ្យទានធំៗ ក្នុងនោះរួមទាំងពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះផងដែរ។

សម្ដេចមានប្រសាសន៍ថាជាការពិតបញ្ហាកូវីដ-១៩ជាក្ដីកង្វល់ ប៉ុន្តែអ្វីដែលធ្វើឱ្យសម្ដេចខ្វល់ខ្វាយនេះ គឺគ្រោះថ្នាក់ចរាចរណ៍ ពិសេសការទទួលទានគ្រឿងស្រវឹងហើយបើកបរ។ សម្ដេចបានកត់សម្គាល់អំពីកំណើនអ្នកសែនចូលឆ្នាំចិននៅកម្ពុជានាំឱ្យមានការធ្វើចរាចរណ៍មមាញឹក ការជួបជុំទទួលទានគ្រឿងស្រវឹងក៏ច្រើន បង្កជាមានហានិភ័យដល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀលរាល់ឆ្នាំ។

សម្ដេចតេជោក៏បានបង្ហាញក្ដីកង្វល់ទី២ពាក់ព័ន្ធនឹងបញ្ហាអគ្គិភ័យ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះការអុជធូប អុជទៀន ឬដុតក្រដាស់សែន នាអំឡុងពិធីចូលឆ្នាំចិន និងវៀតណាមនោះតែម្ដង។ ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម នឹងប្រារព្ធឡើងដោយប្រជាជនជាប់សែស្រឡាញជនជាតិទាំងពីរនេះនៅកម្ពុជានាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។

សូមរម្លឹកថាគ្រោះអគ្គិភ័យក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមក្នុងរយៈពេល​៤ថ្ងៃ កាលពីឆ្នាំ២០២២ បាន​​កើត​ឡើងចំនួន១១លើក ដែលចំនួននេះមានការថយចុះ៣ករណី បើធៀបនឹងអំឡុងពេល​​ដូចគ្នាកាលពីឆ្នាំ២០២១។ នេះយោងតាមរបាយកាណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ

Share.