កណ្តាល៖ជនសង្ស័យ២នាក់ជិះម៉ូតូដើរលួចទាក់សត្វឆ្កែអ្នកភូមិ ត្រូវបានបងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារ ដេញស្ទាក់ចាប់បានម្នាក់ស្វាគមន៍ចាស់ដៃ ម្នាក់ទៀតរត់គេច តែក្រោយមកតាមស្វែងរកចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា សត្វឆ្កែរបស់ពួកគាត់ចិញ្ចឹម ត្រូវបានជនសង្ស័យដើរធ្វើសកម្មភាពលួចទាក់យក បាត់ញឹកញាប់មកហើយ មកដល់ព្រឹកនេះ ឮសូរសម្លេងសម្រែកសត្វឆ្កែ ទើបងើបចេញមើល ប្រទះឃើញជនសង្ស័យគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ប្រើអន្ទាក់ខ្សែ មានដង ទាក់សត្វឆ្កែ ទើបស្រែកផ្អើលឆោឡោ អ្នកភូមិ កម្លាំងប្រជាការពារ កំពុងល្បាតក្នុងភូមិស្រាប់ផង នាំគ្នាចេញ ដេញស្ទាក់ ចាប់បានជនសង្ស័យម្នាក់ យកបានអន្ទាក់ខ្សែ សត្វឆ្កែងាប់២ក្បាលច្រកបាវ វិទ្យុទាក់ទង១គ្រឿង ម៉ូតូហុងដាឌ្រីម មួយគ្រឿង ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-1714 ជាមធ្យោបាយរបស់ជនសង្ស័យ។ចំណែកជនសង្ស័យម្នាក់ទៀតរត់គេច តែត្រូវបានកម្លាំងពលរដ្ឋ សមត្ថកិច្ច តាមស្វែងរក រហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃដដែល ឃើញចេញពីព្រៃ ទើបពលរដ្ឋចាប់បាន ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ ទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ច រួមជាមួយវត្ថុតាង នាំយកទៅសាកសួរ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.